(ភ្នំពេញ)៖ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់ការសួរនាំបុរសជនជាតិតៃវ៉ាន់២នាក់ និងម៉ាឡេស៊ីម្នាក់ ដែលពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិថៃ៩នាក់ នៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ហើយថ្ងៃស្អែក ទើបបន្ដសួរនាំបន្ថែមទៀត។
លោកវរសេនីយ៍ឯក ជាវ វិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានប្រាប់ Fresh News ឲ្យដឹងនៅល្ងាចនេះដែរថា បន្ទាប់ពីបញ្ចប់ការសួរនាំជនជាតិចិនតៃវ៉ាន់ និងម៉ាឡេស៊ី ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌវិញហើយ ដោយថ្ងៃស្អែកទើបបញ្ជូនមកតុលាការ ដើម្បីសួរនាំបន្ដទៀត។
ជនសង្ស័យ ជាជនជាតិតៃវ៉ាន់២នាក់ ឈ្មោះ Chen Chin Hao អាយុ៤៤ឆ្នាំ និងឈ្មោះ Kuo Fang Lang អាយុ៤២ឆ្នាំ ចំណែកបុរសម៉ាឡេស៊ីឈ្មោះ Yong Yee Kan អាយុ៤៣ឆ្នាំ។
ដោយឡែកជនរងគ្រោះ ជាជនជាតិថៃទាំង៩នាក់នេះ ត្រូវបានសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ទៅស្ថានទូតថៃប្រចាំនៅកម្ពុជាវិញហើយ ដើម្បីបញ្ជូនត្រឡប់ទៅស្រុកកំណើតវិញ។
នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ លោកវរសេនីយ៍ឯក ជាវ វិបុល បានបញ្ជាក់ថា ជនបរទេសទាំង៣នាក់នេះ បានអូសទាញជនជាតិថៃ៩នាក់ ឲ្យមករាជធានីភ្នំពេញ ដើម្បីធ្វើការងារ លុះពេលមកដល់ភ្នំពេញពួកគេទាំង៣ បានជួលវីឡាមួយកន្លែងក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយឲ្យជនជាតិថៃទាំងនោះចូលស្នាក់នៅកាលពីថ្ងៃទី៣ ខែធ្នូ។ ប៉ុន្តែពេលជនជាតិថៃទាំងអស់នោះ ចូលស្នាក់នៅហើយស្រាប់តែពួកគេទាំង៣ បានបង្ខាំងទុកមិនឲ្យចេញក្រៅបរិវេនផ្ទះជួលនោះឡើយ។
ដោយយល់ឃើញថានេះ ជារូបភាពនៃការបង្ខាំងខ្លួនជនជាតិថៃទាំងនោះ ក៏មានការភ័យខ្លាច ហើយឡើងទៅជាន់លើផ្ទះវីឡានោះ រួចថតយកទិដ្ឋភាពជិតៗវីឡានោះ ហើយផ្ញើទៅបងប្អូននៅក្រុងបាងកកប្រទេសថៃ ដោយប្រាប់ថាពួកគេត្រូវបានបុរសទាំង៣នាក់នេះ បង្ខាំងទុកហើយ។ ពេលទទួលបានព័ត៌មាននេះ បងប្អូនជនជាតិថៃទាំងនោះបាន ប្តឹងមកសមត្ថកិច្ចថៃនៅទីក្រុងបាងកក រួចសមត្ថកិច្ចថៃបានបញ្ជូនព័ត៌មាននេះ មកស្ថានទូតថៃ ប្រចាំកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់។
ក្រោយការស្រាវជ្រាវ និងទទួលបានបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរង ទទួលការងារព្រហ្មទណ្ឌផងនោះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោយការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន សហការជាមួយសមត្ថកិច្ចនគរបាលនាយកដ្ឋានសនិ្តសុខផ្ទៃក្នុង កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងសេនានុព័ន្ធយោធាថៃប្រចាំកម្ពុជា ក្រោមការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងផ្ទះវីឡានោះ រំដោះជនជាតិថៃទាំង៩នាក់នោះ និងឃាត់ខ្លួនបុរសតៃវ៉ាន់២នាក់ និងម៉ាឡេស៊ីម្នាក់តែម្តង៕