(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចពន្យារពេលស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៨ រហូតដល់ដំណាច់ខែមករា ឆ្នាំ២០១៨ ដោយសារក្រសួងពិនិត្យឃើញថា ម្ចាស់សហគ្រាស គ្រឹះស្ថានមួយចំនួននៅតែបន្តដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៨ ហើយអ្នកខ្លះក៏មានភាពយឺតយ៉ាវនៅឡើយ។

ក្នុងសេចក្តីជូនដំណឹងថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រសួងការងារ បានក្រើនរំឭក និងអំពាវនាវដល់ម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានទាំងឡាយដែលមិនទាន់ដាក់ពាក្យស្នើសុំហត្ថពលកម្មបរទេស សម្រាប់បម្រើការងារក្នុងសហគ្រាសរបស់ខ្លួន នៅឆ្នាំ២០១៨នោះ ប្រញាប់រួសរាន់ដាក់ពាក្យស្នើសុំបែបបទនេះ ឲ្យបានមុនដំណាច់ខែមករា ឆ្នាំ២០១៨ ខាងមុខ តាមរយៈគេហទំព័រ www.fwcms.mlvt.gov.kh។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់ដែរថា ការដាក់ពាក្យស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេស ត្រូវធ្វើជារៀងរាល់ឆ្នាំ។ ក្នុងករណីម្ចាស់សហគ្រាស គ្រឹះស្ថានមានការខកខានចំពោះកាតព្វកិច្ចនេះ ក្រសួងការងារនឹងចាត់វិធានការផាកពិន័យតាមទោសបញ្ញត្តិ ដែលមានចែងក្នុងច្បាប់ស្ដីពីការងារ ពោលការផាកពិន័យធ្វើឡើងទៅតាមស្ថានភាពជាក់ស្ដែង ចាប់ពី១-៩០ថ្ងៃ ហើយក្នុងមួយថ្ងៃ ត្រូវផាកពិន័យចាប់ពី ៤០,០០០រៀល ឡើងទៅ៕