(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូព្រំដែនកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះពិនិត្យមើលការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តតាកែវ-អានយ៉ាង និងខេត្តកំពត-គៀនយ៉ាង គ្រាដែលប្រទេសទាំងពីរកំពុងបង្កើនសកម្មភាពបោះបង្គោលព្រំដែននៅបណ្តាខេត្តជាប់គ្នាជាបន្តបន្ទាប់។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រ្តៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះថា រដ្ឋាភិបាលប្រទេសទាំងពីរ កំពុងបន្តសកម្មភាពក្នុងការបោះបង្គោលព្រំដែន នៅតាមបណ្តាខេត្តជាប់ព្រំដែនគោកនានា ដើម្បីបញ្ចប់បញ្ហាព្រំដែន។
លោកស្រីបានបន្តថា រហូតដល់ពេលនេះ នៅខេត្តតាកែវ បានបញ្ចប់ការសាងសង់បង្គោលព្រំដែនធំ ១០០% ហើយ។ បច្ចុប្បន្ននេះភាគីទាំងពីរ កំពុងបន្តសាងសង់បង្គោលព្រំដែនបំពេញបន្ថែមជាបន្តទៀត។ ដោយឡែកខេត្តកំពត និងគៀនយ៉ាង ភាគីទាំងពីរបោះបង្គោលព្រំដែនធំ បាន ៧៥% និងបោះបង្គោលព្រំដែនបំពេញបន្ថែមបាន៨០%។ ការងារដែលនៅសល់ ភាគីទាំងពីរនឹងខិតខំបញ្ចប់ នាពេលខាងមុខ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ក៏បានចុះសួរសុខទុក្ខកងកម្លាំងការពារព្រំដែន នៅប៉ុស្តិ៍សំបុកមាន់ និងនៅទីបញ្ជាការ វរៈសេនាតូចនគរបាលការពារព្រំដែនលេខ ៦០១ ដោយក្នុងនោះ លោកក៏បាននាំយកនូវ មី ត្រីខ និងថវិកាមួយចំនួនប្រគល់ជូនពួកគាត់ផងដែរ។
សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មានព្រំដែនគោកជាប់គ្នាប្រវែង១២៧០គីឡូម៉ែត្រ ដែលត្រូវការបោះបង្គោលព្រំដែន សរុបចំនួន ៣១៤ ទីតាំងបង្គោល។ បើតាមការបញ្ជាក់ របស់គណៈកម្មាធិការព្រំដែន បានឱ្យដឹងថា រហូតដល់ពេលនេះ ការរៀបចំបោះបង្គោលព្រំដែនរវៀងកម្ពុជា-វៀតណាម បានរួចរាល់ ចំនួនជាង ៨៤ភាគរយហើយក្នុងចំណោមព្រំដែនសរុប៕