(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជាង៣រសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងដំណើរការសាកសួរបុរសជនជាតិតៃវ៉ាន់២នាក់ និងម៉ាឡេស៊ីម្នាក់ ដែលពាក់ព័ន្ធករណីចាប់បង្ខាំងជនជាតិថៃ៩នាក់ នៅក្នុងផ្ទះវីឡាមួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក។ នេះបើតាមយោងតាមមន្រ្តីតុលាការ បានប្រាប់ ភ្នាក់ងារព័ត៌មានប្រចាំតុលាការនៅរសៀលថ្ងៃនេះ។
ជនជាតិតៃវ៉ាន់២នាក់ឈ្មោះ Chen Chin Hao អាយុ៤៤ឆ្នាំ និងឈ្មោះ Kuo Fang Lang អាយុ៤២ឆ្នាំ ចំណែកបុរសម៉ាឡេស៊ីឈ្មោះ Yong Yee Kan អាយុ៤៣ឆ្នាំ។
មន្ដ្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ជនបរទេសទាំង៣នាក់នេះ បានអូសទាញជនជាតិថៃ៩នាក់ឲ្យមករាជធានីភ្នំពេញ ដើម្បីធ្វើការងារ លុះពេលមកដល់ភ្នំពេញពួកគេទាំង៣ បានជួលវីឡាមួយកន្លែងក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ដោយឲ្យជនជាតិថៃទាំងនោះចូលស្នាក់នៅកាលពីថ្ងៃទី៣ ខែធ្នូ។ ប៉ុន្តែពេលជនជាតិថៃទាំងអស់នោះ ចូលស្នាក់នៅ ហើយស្រាប់តែពួកគេទាំង៣ បានបង្ខាំងទុកមិនឲ្យចេញក្រៅបរិវេនផ្ទះជួលនោះឡើយ។
ដោយយល់ឃើញថានេះ ជារូបភាពនៃការបង្ខាំងខ្លួនជនជាតិថៃទាំងនោះ ក៏មានការភ័យខ្លាចហើយឡើងទៅជាន់លើផ្ទះវីឡានោះ រួចថតយកទិដ្ឋភាពជិតៗវីឡានោះ ហើយផ្ញើទៅបងប្អូននៅក្រុងបាងកកប្រទេសថៃ ដោយប្រាប់ថាពួកគេត្រូវបានបុរសទាំង៣នាក់នេះ បង្ខាំងទុកហើយ។ ពេលទទួលបានព័ត៌មាននេះ បងប្អូនជនជាតិថៃទាំងនោះបាន ប្តឹងមកសមត្ថកិច្ចថៃនៅទីក្រុងបាងកក រួចសមត្ថកិច្ចថៃបានបញ្ជូនព័ត៌មាននេះ មកស្ថានទូតថៃ ប្រចាំកម្ពុជាដើម្បីសុំកិច្ចអន្តរាគមន៍ជាបន្ទាន់។
ក្រោយការស្រាវជ្រាវរួចមក សមត្ថកិច្ចនគរបាលនាយកដ្ឋានសនិ្តសុខផ្ទៃក្នុង សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងសេនានុព័ន្ធយោធាថៃប្រចាំកម្ពុជា ក្រោមការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងផ្ទះវីឡានោះ រំដោះជនជាតិថៃទាំង៩នាក់នោះ និងឃាត់ខ្លួនបុរសតៃវ៉ាន់២នាក់ និងម៉ាឡេស៊ីម្នាក់តែម្តង៕