(ភ្នំពេញ)៖ គ្រប់កាយវិការពាក្យពេចន៍ទាំងអស់ របស់គិលានុបដ្ឋាកយិកា និងឆ្នប ដែលបង្ហាញពីភាពទន់ភ្លន់រួសរាយរាក់ទាក់ ចំពោះអ្នកជំងឺ គឺជាឱសថដ៏ស័ក្តិសិទ្ធមួយជួយបញ្ជ្រៀបឲ្យអ្នកជំងឺមានអារម្មណ៍ជ្រះថ្លា និងផ្តល់ជំនឿចិត្តមួយចំណែក ក្នុងការថែទាំព្យាបាល អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ, នេះជាការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងទិវាវិទ្យាសាស្រ្តថែទាំរបស់គិលានុបដ្ឋាកយិកា និងឆ្មបលើកទី៧ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ឈាង រ៉ា បានបញ្ជាក់ទៀតថា គិលានុបដ្ឋាកយិកា និងឆ្មបត្រូវអនុវត្តឲ្យបានល្អជាប្រចាំនូវកាយវិកា ពាក្យសម្តី ដែលជាកាតព្វកិច្ចចាំបាច់ រួមផ្សំជាមួយនឹងការពិនិត្យព្យាបាលជំងឺ ស្របទៅតាមកិច្ចការវិទ្យាសាស្រ្តថែទាំ ព្រោះការងារថែទាំ គឺជាការងារមួយដែលមានគុណតម្លៃ ក្នុងការកំណត់ប្រសិទ្ធភាព គុណភាព នៃការព្យាបាលថែទាំជំងឺ ឲ្យកាន់តែមានការជឿនលឿន សំដៅបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវជំនឿទុកចិត្ត និងភាពកក់ក្តៅ ឲ្យបានយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ និងអ្នកទទួលសេវាព្យាបាលពីមន្ទីពេទ្យ។
លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា វិធីសាស្រ្តថែទាំទាំងនេះ អាចជួយផ្តល់អត្ថប្រយោជន៍ផងដែរ ឲ្យគិលានុបដ្ឋាកយិកា និងឆ្មប ទាំងឡាយឲ្យយល់ដឹងពីតួនាទីទទួលខុសត្រូវ និងភាពម្ចាស់ការក្នុងភារកិច្ចចាំបាច់របស់ខ្លួន ព្រមទាំងមានភាពជឿជាក់ ចំពោះរាល់សកម្មការងារថែទាំងជំងឺ និងជួយឲ្យមានការសហការបានល្អ និងត្រឹមត្រូវបំផុតជាមួយសហការី និងជាមួយគ្រូពេទ្យព្យាបាល។
ជាមួយគ្នានោះ លោកសាស្រ្តាចារ្យ ក៏បានជម្រុញឲ្យគិលានុបដ្ឋាកយិកា និងឆ្មប ត្រូវចេះយកចិត្តទុកដាក់ស្និទ្ធស្នាល ជាមួយអ្នកជំងឺដោយពោល នូវកាយវិការទន់ភ្លន់ និងរួសរាយរាក់ទាក់ជានិច្ចទៅកាន់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។
គួរបញ្ជាក់ថា មន្ទីពេទ្យកាល់ម៉ែត បានប្រារព្ធទិវាវិទ្យាសាស្រ្តថែទាំរបស់គិលានុបដ្ឋាកយិកា និងឆ្មប លើកទី៧នេះ ក្នុងគោលដៅសំខាន់ លើកកម្ពស់សមត្ថភាពក្នុងការអនុវត្ត បង្កើនគុណភាព ក្នុងផ្តល់សេវាថែទាំ និងអភិវឌ្ឍន៍ផ្នែកនីមួយៗ ប្រកបដោយគុណភាព មានប្រសិទ្ធភាព ព្រមទាំងមានភាពទទួលខុសត្រូវ របស់គិលានុដ្ឋាកយិកា ឆ្មប ដែលជាសហការីជិតស្និទរបសគ្រូពេទ្យ។
ពិសេសការពង្រឹងសមត្ថភាពការទទួលខុសត្រូវ ក្នុងការអនុវត្តការងារថែទាំងឲ្យមានគុណភាពស្របតាមការវិវត្តន៍ នៃបច្ចេកវិទ្យាថ្មី និងការផ្តល់ ការថែទាំងដូចៗគ្នា ទាំងអ្នកក្រីក្រ ក៏ដូចជាអ្នកមានលទ្ធភាព ដោយគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈក្នុងការថែទាំ ជាមួយគ្នាការបានពង្រឹង នៃការរៀបចំសណ្តាប់ធ្នាប់ អនាម័យ ភាពស្អាត ជានិច្ចរបស់បុគ្គលិកមន្ទីពេទ្យ លុបបំបាត់ចោលការចម្លងរោគនៅក្នុងមន្ទីពេទ្យ៕