(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៧នេះ អាជាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរឹបអូសថ្នាំញៀនជាង១៥៦គីឡូក្រាម ដោយមិនគិតទាំងកញ្ឆាក្រៀមនោះឡើយ។ ជាមួយគ្នានេះ អាជ្ញាធរបានកាប់បំផ្លាញដើមកញ្ឆាជាង២០ម៉ឺនដើមទៀតផង។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន នព្វមាស ឆ្នាំ២០១៧ ដែលមានការចូលរួម ពីសំណាក់មន្ដ្រីពាក់ព័ន្ធជាច្រើនរូប ដែលដឹកនាំដោយលោក កៅ ខុនដារ៉ា ប្រធានស្តីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី២ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ បានបន្តថា «មកដល់ពេលនេះខាងអាជ្ញាធរមិនទាន់រកឃើញទីតាំងលួចផលិតគ្រឿងញៀន ទាំងទ្រុងទ្រាយតូច ឬទ្រុងទ្រាយធំនៅឡើយទេ ក្រោយពីព្រឹត្តិការណ៍មុនឆ្នាំ២០១២ ដូច្នេះយើងអាចសន្និដ្ឋាន និងវាយតម្លៃបានថា ក្រោយពីយកចិត្តទុកដាក់លើសកម្មភាព ត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់នគរបាល យុត្តិធម៌ទាំងអស់ មកដល់ថ្ងៃនេះមិនទាន់រកឃើញស្នាក់ស្នាម ឬទទួលព័ត៌មានពាក់ព័ន្ធ នឹងសកម្មភាព​ផលិតគ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា»

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ បានបញ្ជាក់ថា ចំនួននៃការបង្រ្កាបគ្រឿងញៀន មានការកើនឡើងទាំងអ្នកជួញដូរ និងអ្នកប្រើប្រាស់ជាពិសេស អាជ្ញាធរបានដកហូតគ្រឿងញៀន មានចំនួនកើនឡើងជាមុន។ ក្នុងយុទ្ធនាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ខាងអាជ្ញាធរយើង បានបង្រ្កាបច្រើនករណី មានន័យថា កម្លាំងយើងបានបង្រ្កាបបទល្មើសកើនឡើង២ដង កាលពីឆ្នាំ២០១៦។ ជាលទ្ធផលធ្វើឲ្យសន្តិសុខ ស្ថិរភាព ក្នុងសង្គមមានសណ្តាប់ធ្នាក់ល្អ ជាពិសេសកាត់បន្ថយបទល្មើសគ្រឿងញៀន ប្រមាណជា២០ភាគរយ៕