ជនសង្ស័យ២នាក់ ជាមួយថ្នាំញៀន៣៣៧គ្រាប់ និងរថយន្តទំនើបចង្កូតស្តាំ១គ្រឿង ត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ តាមបង្ក្រាបបាន
07-12-2017 14:27
(បន្ទាយមានជ័យ)៖ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនខុសច្បាប់ ព្រមទាំងដកហូតបានវត្ថុតាងគ្រឿងញៀប្រភេទមេតំហ្វេតាមីន WYចំនួន៣៣៧គ្រាប់ និងរថយន្តទំនើបចង្កូតស្តាំ១គ្រឿង រួមទាំងវត្ថុតាងមួយចំនួនទៀត។
លោក បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្ត បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែធ្នូ នេះថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនខាងលើនេះ ធ្វើឡើងតាមដីការបង្គាប់ចាប់ខ្លួន រហូតឈានមកការបង្ក្រាបករណីខាងលើនេះជាបន្តបន្ទាត់ ឃាត់បានជនសង្ស័យ២នាក់ទៀត។
លោកបន្តថា ជនសង្ស័យមានឈ្មោះ គីម សាវ័ន្ត ប្រុស អាយុ ៣៥ឆ្នាំ មុខរបបរជាកម្មករ រស់នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដកហូតវត្ថតាង គ្រឿងញៀនប្រភេទមេតំហ្វេតាមីន WY ចំនួន ៣៣៧គ្រាប់ ស្មើនិងទម្ងន់០.៥៦ក្រាម ។ រីឯជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ ចិន្តា ភេទប្រុស អាយុ៥០ មុខរបបរធ្វើស្រែ រស់នៅ ភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ពីបទជួញដូរគ្រឿងញៀនខុសច្បាប់ និងដកហូតវត្ថុតាងរួមមាន៖ រថយន្តម៉ាកវីហ្កូ ពណ៌កណ្តុលប្រមេះ ចង្កូតស្តាំ ពាក់ស្លាកលេខ PP-2459 ខ្សែកលោកហៈធាតុពណ៌លឿង ១ខ្សែ និងទូរស័ព្ទដៃចំនួន៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕