(កំពង់ធំ)៖ ទឹកក្រូច ទឹកទំពាំងបាយជូ ទឹកផ្លែឈើ ចាហួយដូង នំស្រួយ និងស្រាបៀ ដែលខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារស្ទោង ធ្វើឲ្យប៉ះពាល់សុខ ភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាពដូចជា៖ ទឹកក្រូច ម៉ាក Big ចំនួន៨ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកកូកាកូឡា ចំណុះ១,២៥ml ចំនួន១៥ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ចំណុះ១,៦ml ចំនួន២០ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកហ្វាន់តា ចំណុះ១,២៥ml ចំនួន២០ដប ផលិតនៅប្រទេសថៃ ទឹកទំពាំងបាយជូ ចំណុះ២៣០ml ចំនួន២៤កំប៉ុង នំស្រួយ ចំនួន៨កញ្ចប់ ផលិតនៅប្រទេសវៀតណាម ស្រាបៀចំនួន១កេស ទឹកផ្លែឈើ ចំនួន ១២ដប និងចាហួយដូង ចំនួន១៦កញ្ចប់ ផលិតនៅប្រទេសវៀតណាម ។ក្រុមការងារបានធ្វើ កំណត់ហេតុ និងដកហូតយកទំនិញខូចគុណភាពទាំងនោះ យកទៅទុកដុតកម្ទេចចោល។
ជាមួយគ្នានោះ ក្រុមកាងារក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគ អាហារហួសកាលបរិច្ឆេទប្រើប្រាស់និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ ចូលក្នុងម្ហូបអាហារ។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយនឹងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែង តែចុះពិនិត្យទំនិញផ្សេងៗ តាមបណ្តាផ្សារនឹងហាង នឹងស្តាម៉ាតនានា រកឃើញសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕