(រតនគិរី)៖ ទិវាពិភពលោកប្រយុទ្ធ និងជំងឺអេដស៍១ធ្នូ ឆ្នាំ២០១៧ ក្រោមទិសស្លោកឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍ ត្រូវបានមន្ទីរសុខាភិបាល សហការជាមួយគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តប្រារព្ធធ្វើឡើងនៅសាលមហោស្រពសម្តេចតេជោសែន នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក លន់ សុភាព អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធ និងជំងឺអេដស៍ខេត្ត។
ថ្លែងទៅកាន់អ្នកផ្ទុកមេរោគអេដស៍ និងមន្ត្រីរាជការព្រមទាំងក្មួយៗ សិស្សានុសិស្ស ប្រមាណជាង៤០០នាក់ ដែលបានចូលរួមនោះលោក លន់ សុភាព បានកោតសរសើរចំពោះមន្ទីរសុខាភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញការងារ បម្រើសេវាសុខភាពទាំងការព្យាបាល និងការបង្ការទប់ស្កាត់ជំងឺអេដស៍ ដោយធ្វើយ៉ាងណាឲ្យទទួលបានលទ្ធផលសូន្យបី គឺសូន្យការចម្លងថ្មី សូន្យការរើសអើងអ្នកជំងឺ និងអ្នកផ្ទុកមេរោគអេដស៍ សូន្យការស្លាប់ដែលទាក់ទងជំងឺអេដស៍។
លោកអភិបាលរងខេត្ត បានគួសបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជាមានទិសដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ ហើយក្នុងរយៈពេល២៦ឆ្នាំ កន្លងមកនេះសមិទ្ធផល នៃយុទ្ធនាការរួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្រោមការដឹកនាំប្រកបរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន ដែលបានគ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានដោយជោគជ័យ ហើយបានបញ្ចៀសមនុស្សរាប់សែននាក់ ឲ្យរួចផុតពីការចម្លងមេរោគអេដស៍ និងការបង្កើនអាយុកាលដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ដែលកំពុងតែរស់នៅជាមួយមេរោគអេដស៍ ព្រមទាំងបានលើកស្ទួយគុណភាពជីវិតគ្រួសារដែលទទួលរងនូវផលប៉ះពាល់ នៃមេរោគអេដស៍ឲ្យមានក្តីសង្ឃឹម និងការរស់នៅក្នុងភាពថ្លៃថ្នូរស្មើមុខស្មើមាត់ ដូចប្រជាជនទូទៅ។
លោក លន់ សុភាព បានដាស់តឿនក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួន កុំឲ្យឆ្លងមេរោគនេះជាដាច់ខាត ជាពិសេសក្មួយៗជាយុវជនយុវនារី ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារ គឺចាប់ផ្តើមពីខ្លួនឯងផ្ទាល់។
សូមជម្រាបថា ក្នុងខេត្តរតនគិរីមានមណ្ឌលធ្វើតេស្តឈាម រកមេរោគអេដស៍ចំនួន២កន្លែង ហើយក្នុងឆ្នាំ២០១៦ ធ្វើតេសឈាមបាន៨០២នាក់ ដោយឡែកឆ្នាំ២០១៧ រយៈពេល៧ខែធ្វើតេស្តឈាមបានចំនួន១,០២០នាក់ ក្នុងនោះចំនួនវិជ្ជមានមាន ចំនួន៣នាក់ ហើយក្នុងឆ្នាំ២០១៧នេះ មានអ្នកមកទទួលឱសថពន្យាជីវិតចំនួន១៥៨នាក់ ស្ត្រី៧៨នាក់ និងកុមារ៣នាក់ ក្នុងចំនួននេះ ក៏មានជនជាតិដើមភាគតិច១៤នាក់។ នេះបើតាមការឲ្យដឹងពី លោកវេជ្ជបណ្ឌិត លី ច័ន្ទណារិទ្ធ អនុប្រធានមន្ទីរពេទ្យសុខាភិបាលខេត្ត។
ក្នុងឱកាសនេះ ក៏មានការចែកជូនអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមខេត្ត ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន២០នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ៣០គីឡូក្រាម មី១កេះ ឃីត១កញ្ចប់ ទឹកដោះគោឆៅ១យួរ និងថវិកាមួយចំនួន៕