Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អះអាងថា ខេត្តនៅតាមភូមិភាគឦសាន្ត នៅតែប្រឈមការលួចនាំចូលគ្រឿងញៀនឆ្លងដែន

07-12-2017 12:47

(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានលើកឡើងថា បណ្តាលខេត្តនៅតាមភូមិភាគឦសាន្តនៃប្រទេសកម្ពុជា នៅតែបន្តប្រឈមសកម្មភាពលួចចរាចរនាំចូលគ្រឿងញៀន ឆ្លងដែនខុសច្បាប់ ទោះបីយើងបង្រ្កាប​ជាច្រើនករណីធំៗ និងកាត់ផ្តាច់ខ្សែរយៈទាក់ទងជាច្រើនក៏ដោយ។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធិ បានថ្លែងបែបនេះ ក្នុងកិច្ចប្រជុំលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន នព្វមាស (៩ខែ) ឆ្នាំ២០១៧ ដឹកនាំដោយលោក កៅ ខុនដារ៉ា ប្រធានស្តីទីអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ក្រុមឧក្រិដ្ឋជនអន្តរជាតិ នៅតែព្យាយាមប៉ុនប៉ង់ប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាប្រទេសកែច្នៃ និងឆ្លងកាត់គ្រឿងញៀនខុសច្បាប់ តាមគ្រប់រូបភាព គ្រប់ច្រកចេញចូលទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមប្រៃសណីយ៍ជាដើម។

លោក មាស រិទ្ធី បានបញ្ជាក់ថា «កម្ពុជាយើងនៅតែប្រឈមនូវបញ្ហា ពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុញៀនថ្មី ដែលមិនស្ថិតនៅក្រោមត្រួតពិនិត្យ​ ដែលចំណុចនេះ គ្រប់បណ្តាលប្រទេសទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ហើយបញ្ហាគ្រឿងញៀននេះ ជាបញ្ហាមួយដែល កើតឡើងដោយមានអង្គការចាត់តាំង ដោយក្រុមឧក្រិដ្ឋជន»។​

សូមជម្រាបថា នៅរយៈពេល៩ខែ នៃយុទ្ធនាការបង្ក្រាបគ្រឿងញៀនខុសច្បាប់ សមត្ថកិច្ចបង្ក្រាបអ្នកប្រើប្រាស់គ្រឿងបានចំនួន២៤.៧៦១នាក់ ក្នុងនោះជនញៀនថ្នាំចំនួន១២.៤៩៩នាក់ បានទៅទទួលសេវា​ព្យាបាល នៅតាមមណ្ឌលសុខភាពនានា និងចំនួន១២.២៦២នាក់ មិនបានទៅទទួលសេវាព្យាបាល នៅតាមមណ្ឌលសុខភាព៕