(ភ្នំពេញ)៖ ពិធីបើកសម្ពោធព្រឹត្តិការណ៍ «មហោស្រពភាពយន្ដជាតិ លើកទី៥» យ៉ាងអឹកអធឹក នៅសាលមហោស្រពចតុមុខ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ គេសង្កេតឃើញមានផលិតករ និងតារាសម្ដែងល្បីៗជាច្រើនរូប ចូលរួមយ៉ាងច្រើនកុះករ។ ប៉ុន្តែអ្វីដែលចាការកត់សម្គាល់នោះ គេបានពិនិត្យឃើញ ផលិតករខ្មែរមួយចំនួន បានសម្ដែងការមិនពេញចិត្ត និងផ្ទុះសំឡេងរិះគន់ នៅក្នុងព្រឹត្តិការណ៍មួយនេះ បន្ទាប់ពីមានការអនុញ្ញាតិឲ្យភាពយន្ត របស់ផលិតករបរទេស ចូលរួមប្រកួតប្រជែង ជាមួយភាពយន្តជាស្នាដៃ របស់ផលិតករក្នុងស្រុក ដែលក្រុមផលិតករ និងតួសម្ដែងខ្មែរមួយចំនួនយល់ថា ជាលក្ខខណ្ឌមិនសមរម្យ។
ជុំវិញបញ្ហាមិនពេញចិត្ត ក្នុងការជ្រើសរើសយកភាពយន្ត ដែលផលិតឡើង ដោយផលិតករបរទេស មកប្រកួតប្រជែងជាលក្ខណៈជាតិ នៅពេលនេះ ចាងហ្វាងផលិតកម្មមហាហង្ស លោក អ៊ិន សុភិន មិនហ៊ានធ្វើការអត្ថាធិប្បាយនោះទេ ដោយលោកគ្រាន់តែអះអាងថា បើព្រឹត្តិការណ៍នេះផ្ដល់ឱកាសឲ្យតែភាពយន្ត ដែលផលិតដោយផលិតករក្នុងស្រុក នោះគឺជារឿងប្រសើរបំផុត ដើម្បីឲ្យផលិតករក្នុងស្រុក ស្វែងយល់ពីស្នាដៃរបស់ខ្លួន និងកាន់តែមានកម្លាំងចិត្ត ដើម្បីផលិតភាពយន្តឲ្យកាន់តែមានគុណភាព។ ស្នាដៃក្នុងស្រុក បើទោះជាមានគុណភាពកម្រិតណា ក៏មិនអាចប្រកួតប្រជែងជាមួយស្នាដៃ របស់បរទេសបានដែរ ដោយសារតែក្រុមហ៊ុនទាំងនោះ មានដើមទុនផលិតធំ ហើយគេមានលទ្ធភាពជួលទាំងកាមេរ៉ាល្អ និងបច្ចេកទេសជំនាញ។
ជាក់ស្ដែងលោកបានលើកឧទាហរណ៍ថា គ្រាន់តែភាពយន្តរឿង «Jailbreak ការពារឧក្រិដ្ឋជន» គឺចំណាយអស់ដល់រាប់សែនដុល្លារ ដូច្នេះវាពិតជាមានប្រៀបខ្លាំងណាស់ ជាមួយភាពយន្តផ្សេងទៀត របស់ផលិតករក្នុងស្រុក។ ភាពយន្តរបស់មហាហង្ស នៅក្នុងព្រឹត្តិការណ៍ ប្រកួតប្រជែងនេះ មានចំនួន២ គឺរឿង «Super Mom» និងរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដោយលោកប្រកាសថា បើការប្រកួតប្រជែងស្ថិត តែក្នុងរង្វង់ភាពយន្ត របស់ផលិករក្នុងស្រុក គឺមានសង្ឃឹមច្រើន តែបើមានស្នាដៃរបស់បរទេស ចូលរួមបែបនេះ គឺលោកប្រាប់មិនសង្ឃឹមខ្ពស់នោះទេ។ យ៉ាងណាក៏ដោយ លោកបានបង្ហាញមោទនភាព ដែលក្នុងចំណោមភាពយន្តចំនួន៨ ដែលគ្រាន់តែស្នាដៃបរទេស មានដល់ទៅ៣រឿងទៅហើយ តែបែរជាមានភាពយន្ត របស់ផលិតកម្មមហាហង្ស២រឿង បានជាប់នៅក្នុងចំណោមនោះ។ ក្នុងចំណោមភាពយន្តទាំងអស់ ដែលបានជ្រើសរើស នឹងមានតែភាពយន្ត៣ប៉ុណ្ណោះ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈដែលការប្រកាសថា ភាពយន្តល្អផ្ដាច់គេប្រចាំព្រឹត្តិការណ៍ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ធ្នូខាងមុខ។
មិចខុសពីការលើកឡើងរបស់លោក អ៊ិន សុភិន ផលិតករដែលបានចូលរួម ប្រកួតប្រជែងផ្សេងទៀត ក៏មានការរិះគន់ជុំវិញ ការផ្ដល់ឱកាសអោយស្នាដៃរបស់ផលិតករបរទេស ធ្វើការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ មហោស្រពភាពយន្តនេះដែរ តែឆ្លើយតបនឹងការលើកឡើង យ៉ាងផុសផុលនេះ មន្ត្រីជាអ្នករៀបចំបានអះអាងថា ដើម្បីឲ្យមានការស្មើភាពរាល់ស្នាដៃ ដែលត្រូវបានកំណត់ថា ជាភាពយន្តខ្មែរ ដោយមិនកំណត់ថា អ្នកផលិតជាជនបរទេស។ នេះជាលើកទី១ ដែលព្រឹត្តិការណ៍នេះ រងការរិះគន់ ចាប់តាំងពីបានដំណើរការ ខណៈដែលការប្រកាសលទ្ធផល នឹងក្លាយជាការតាមដានយ៉ាង ពេញទំហឹងចំពោះអ្នករៀបចំ ជាក់ជាមិនខានឡើយ។
ដោយឡែក មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក សោម សុគន្ធ បានថ្លែងក្នុងពិធីនោះថា មហោស្រពភាពយន្ដលើកទី៥នេះ ត្រូវបានប្រព្រឹត្តឡើង ក្នុងបរិយាកាស ដែលវិស័យភាពយន្ដកម្ពុជា កំពុងត្រូវការពង្រឹងវិវត្តឈានឡើង គួរឲ្យកត់សម្គាល់។ គោលដៅសំខាន់ក្នុងការរៀបចំមហោស្រព ភាពយន្ដជាតិលើកទី៥នេះ ធ្វើឡើង ដើម្បីផ្ដល់ការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយលើផ្នែកធនធានមនុស្ស និងបច្ចេកទេសនៃការផលិតភាពយន្ដ សំដៅពង្រឹងសមត្ថភាព និងលើកម្ពស់គុណភាពផលិតភាពយន្ដ ដើម្បីការប្រកួតប្រជែងលើទីផ្សារ។
លោកបន្តថា មហោស្រពភាពយន្ដមិនគ្រាន់តែជាវេទិកា ប្រកួតប្រជែងយកពានរង្វាន់នោះទេ ប៉ុន្ដែជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងផងដែរ។ ការរៀបចំមហោស្រពភាពយន្ដលើកទី៥នេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដ៏មានសារៈសំខាន់ ក្នុងការចូលរួមចំណែកលើកស្ទួយ ការដំណើរការ អភិវឌ្ឍឧស្សាហកម្មភាពយន្ដ នៅកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ការរៀបចំមហោស្រពភាពយន្ដជាតិពេលនេះ បានកំណត់នូវវិធាន និងលក្ខខណ្ឌដោយតម្រូវគ្រប់ស្នាដៃភាពយន្ដទាំងអស់ ត្រូវអនុវត្តតាមគោការណ៍ពិនិត្យវាយតម្លៃជាង២តំណាក់កាលរួមមាន៖ ទី១៖ ពិនិត្យវាយតម្លៃជ្រើសរើសស្នាដៃភាពយន្ដចំនួន៨ ចំណងជើង ពីស្នាដៃដែលដាក់ពាក្យចូលរួម ប្រកួតប្រជែង ដើម្បីបន្ដចូលរួមប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយនោះក៏មានការពិនិត្យ វិនិច្ឆ័យលើស្នាដៃឯកសំខាន់ៗចំនួន៨ផងដែរ ក្នុងនោះមានស្នាដៃនិពន្ធ ដឹកនាំរឿង ថត តួសម្ដែង តុបតែងឆាក ពន្លឺ និងស្នាដៃប្រព្រឹត្តិកម្មភាពយន្ដ។ ទី២៖ ស្នាដៃភាពយន្ដទាំង៨ ចំណងជើងចុងក្រោយ នឹងពិនិត្យវាយតម្លៃដើម្បីប្រកាស ជ័យលាភីជាស្នាដៃ ភាពយន្ដឆ្នើមប្រចាំមហោស្រពភាពយន្ដជាតិលើកទី៥។ ជាមួយនឹងការវាយតម្លៃជ្រើសរើសបុគ្គល ដែលមានស្នាដៃឯកទេសឆ្នើម ទាំង៨ផងដែរ។
សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រឡងប្រជែងភាពយន្តខ្មែរ ដែលមានលក្ខណៈជាការប្រកួតប្រជែងថ្នាក់ជាតិលើកទី៥ បន្ទាប់ពីខកខានអស់២ឆ្នាំនេះ គេឃើញមានភាពយន្ត ចំនួន១៤ត្រូវបាន គណកម្មការប្រឡងប្រជែង របស់នាយកដ្ឋានភាពយន្ត សម្រេចជ្រើសរើសឲ្យធ្វើការប្រកួតប្រជែង ដោយក្នុងចំណោមភាពយន្តទាំង១៤នោះ គឺមាន៣រឿងត្រូវបានគេស្គាល់ថា ជាស្នាដៃរបស់បរទេសសុទ្ធសាធ ដោយគ្រាន់ជ្រើសរើសតារាខ្មែរឲ្យសម្ដែង។ ភាពយន្តរឿង «Jailbreak ការពារឧក្រិដ្ឋជន» រឿង«មុនពេលដួលរលំ» និងរឿង«តម្លៃស្នេហ៍» គឺរឿងក្រោមការផលិតរបស់ផលិតករបរទេស ដែលត្រូវបានផលិតករ និងតារាសម្ដែងខ្មែរបង្ហាញការខកចិត្ត ដោយសារតែរឿងទាំង៣ ត្រូវបានគេអនុញ្ញាតិឲ្យចូលរួមប្រកួតយ៉ាងស្មើភាព នៅក្នុងព្រឹត្តិការណ៍នេះ។
យ៉ាងណាមិញឆ្លងកាត់ការទស្សនា និងវាយតម្លៃលើស្នាដៃភាពយន្ដ ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែង មានតែភាពយន្ដចំនួន៨តែប៉ុណ្ណោះ ដែលជាប់ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលក្នុងនោះរួមមានរឿង៖
១៖ រឿង មុនពេលដួលរលំ របស់ផលិតកម្ម រ៉ក់ អ៊ិនធើធេនមេន
២៖ រឿង ស៊ុបភើមាំ របស់ផលិតកម្ម មហាហង្ស
៣៖ រឿង តម្លៃស្នេហ៍ របស់ផលិតកម្ម ខ្មែរមេគង្គ
៤៖ រឿង ការពារឧក្រិដ្ឋជន របស់ផលិតកម្ម កងចក្រភីកឈ័រ
៥៖ រឿង ទឹកចិត្តអ្នកម្ដាយសម័យថ្មី របស់ផលិតកម្ម ថោន អ៊ិនធើធេនមេន
៦៖ រឿង អ្នកនាងម្ចាស់លឺកឺ របស់ផលិតកម្ម មហាហង្ស
៧៖ រឿង វិកលចរិក របស់ផលិតកម្ម មាតុចក្រ
៨៖ រឿង ខូចចិត្តអាជីព របស់ផលិតកម្ម រ៉ក់ អ៉ីនធើធេនមេន។
ភាពយន្ដទាំង៨នេះក៏នឹងដាក់បញ្ចាំងឲ្យទស្សនាដោយសេរី នៅក្នុងរោងភាពយន្ដទំនើប៣រួមមាន Major, Legend, and Prime ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។ ស្នាដៃទទួលបានជ័យលាភីល្អ ប្រចាំមហោស្រពភាពយន្ដជាតិលើកទី៥ នឹងទទួលបានពានរង្វាន់មាសមួយ អមដោយទឹកប្រាក់ចំនួន៣០លានរៀល៕