(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបានបំផ្លេចបំផ្លាញប្រទេសជាតិ នាំឲ្យមនុស្សស្លាប់និរាសព្រាត់ប្រាស់ប៉ុណ្ណោះទេ តែក៏បានបន្សល់ទុកនូវជនពិការរហូតមកដល់ពេលបច្ចុប្បន្ននេះផងដែរ ដែលទាមទារឲ្យរួមគ្នាទប់ស្កាត់ឲ្យខានតែបាន មិនត្រូវឲ្យសង្គ្រាមវិលមកជាថ្មីនោះឡើយ។
ក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចពិជ័យបានលើកឡើងថា ភ្លើងសង្គ្រាម បានបន្តផលលំបាកដល់ប្រជាពលរដ្ឋមកដល់ពេលបច្ចុប្បន្ន ជាពិសេសគ្រាប់ មីន គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះ រួមនិងគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក ដែលបានរកឃើញនៅខេត្តស្វាយរៀងផងដែរ។
ដើម្បីការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ និងការពារមិនឲ្យមានជនពិការដោយសារភ្លើងសង្គ្រាមបន្តទៅទៀត សម្តេចពិជ័យ បានប្រកាសប្រឆាំងយ៉ាងដាច់ខាត់ ចំពោះទង្វើណាក៏ដោយ ដែលរារាំងដល់ការអភិវឌ្ឍន៍ និងសន្ដិភាព ដែលមាននាពេលបច្ចុប្បន្ននេះ និងប្រាប់ឲ្យពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាសន្ដិភាព។
«យើងតែងតែធ្វើអ្វីៗគ្រប់ទាំងអស់ ធ្វើមិចកុំឲ្យមានសង្គ្រាមកើតឡើង ដូច្នេះការពង្រឹងសន្ដិភាព ដើម្បីឲ្យមានការអភិវឌ្ឍន៍ ហើយពង្រឹងសន្ដិភាពរបស់យើងឲ្យកាន់តែរឹងមាំ គឺជាការចាំបាច់ខ្លាំងខ្លាណាស់ យើងទាំងអស់គ្នាត្រូវតែចូលរួមយ៉ាងសកម្មជាទីបំផុត ព្រោះយើងជៀសឲ្យផុត កុំឲ្យវាមានសង្គ្រាម កុំឲ្យមានហិង្សាអ្វីទាំងឡាយកើតឡើងឲ្យសោះ ដើម្បីកាត់បន្ថយការពិការភាព កុំឲ្យកើតឡើងបន្ថែមទៀតបាន»។ នេះជាការលើកឡើងរបស់ សម្ដេច ទៀ បាញ់។
សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា ភាពខ្ទេចខ្ទាំនៃសង្គ្រាម ដើមកំណើត គឺកើតឡើងចេញពីបដិវត្តពណ៌ រួចហើយបន្ដអូសបន្លាយ ជាក់ស្ដែងមកដល់ពេលនេះប្រទេសមួយចំនួន មិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ ហេតុនេះហើយទើបកម្ពុជាប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្ក្រាបសកម្មភាពនានាដែលចង់ធ្វើបដិវត្តពណ៌៕