(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានព្រមានចាត់ការយ៉ាងម៉ឹងម៉ាត់តាមផ្លូវច្បាប់ ចំពោះសហគ្រាស គ្រឹះស្ថានទាំងឡាងណាដែលមិនបង្កើតគិលានដ្ឋាន សម្រាប់ផ្ដល់សេវាសុខាភិបាលជូនកម្មករនិយោជិតរបស់ខ្លួន តាមគោលការណ៍ណែនាំស្ដីពី «ការរៀបចំគិលានដ្ឋានសហគ្រាស គ្រឹះស្ថាន» ដែលបានប្រកាសដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នេះតទៅ។
ការប្រកាសដាក់ឲ្យអនុវត្តគោលការណ៍ណែនាំខាងលើ ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២ ក្នុងនោះដែរ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាស គ្រឹះស្ថានការងារចំនួន ៥១៣,៧៥៩កន្លែង ហើយអត្រា ៨៨% បានបង្កើតគិលានដ្ឋានក្នុងសហគ្រាស គ្រឹះស្ថានរបស់ខ្លួនរួចហើយ នៅឡើយតែប្រមាណ ១២% ទៀតដែលមិនទាន់បង្កើតគិលានដ្ឋាន។
លោកបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា «ទី១. ចាប់ពីឆ្នាំ២០១៨ គ្រប់រោងចក្រទាំងអស់ត្រូវតែមានគិលានដ្ឋាន បើគ្មានទេ ក្រសួងនឹងចាត់វិធានការតាមច្បាប់ស្ដីពីការងារ មានទាំងពីការផាកពិន័យ ឬបញ្ជូនសំណុំរឿងទៅ (ទៅតុលាការ) ដើម្បីចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ទី២. ត្រូវមានគ្រូពេទ្យច្បាស់លាស់ដែលមានជំនាញ ត្រូវតែមានថ្នាំ ត្រូវតែមានកន្លែងសម្រាកឲ្យបានគ្រប់គ្រាន់ជូនកម្មករនិយោជិត»។
លោក អ៉ិត សំហេង បានបន្ថែមថា គ្រប់សហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវសហការជាមួយអគ្គនាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ បង្កើតឲ្យមានក្រុមការងារដែលមានជំនាញ ចុះត្រួតពិនិត្យកន្លែងធ្វើការរបស់កម្មករនិយោជិតរៀងរាល់ថ្ងៃមុនពេលបើកទ្វារចូលធ្វើការ ដើម្បីត្រួតពិនិត្យបញ្ហាអនាម័យ ជាតិពុល ក្លិនពុល ឬបញ្ហាមិនប្រក្រតី សំដៅជៀសឲ្យផុតពីគ្រោះថ្នាក់ដួលសន្លប់ប៉ះពាល់ដល់កម្មករ បើប្រាកដថាមានសុវត្ថិភាពហើយ ទើបអនុញ្ញាតឲ្យចូលធ្វើការ ផ្ទុយទៅវិញបើឃើញមានបញ្ហា ត្រូវដោះស្រាយជាបន្ទាន់ ពោលត្រូវគិតគូរលើសុវត្ថិភាពជាចម្បង។
បញ្ហាកម្មករដួលសន្លប់នេះទៀតសោត លោករដ្ឋមន្ត្រីបានប្រកាសថា នឹងចាត់ការឲ្យបានម៉ឹងម៉ាងជាទីបំផុត ចំពោះរោងចក្រ សហគ្រាស គ្រឹះស្ថានណាដែលនៅតែមានបញ្ហានេះ តាមរយៈក្រុមការងារអធិការកិច្ចរបស់ក្រសួងការងារ លើសពីនេះ ក្រុមការងារអធិការកិច្ចក៏បង្កើនការទទួលខុសត្រូវ ចំពោះបញ្ហារឿងឲ្យមានប្រសិទ្ធភាពជាងមុនផងដែរ។
លោកបានរំឭកថា ការដាក់ឲ្យអនុវត្តគោលការណ៍ និងវិធានការនានាខាងលើនេះ គឺស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះកម្មករនិយោជិត ដូចបានលើកឡើង និងក្រើនរំឭកចំពោះម្ចាស់ និងនិយោជកសហគ្រាស គ្រឹះស្ថានការងារជារឿយៗ ក្នុងឱកាសសម្ដេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិត នាពេលកន្លងមកផងដែរ៕