(ភ្នំពេញ)៖ HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បានប្រារព្ធពិធីខួបកំណើត លើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ។ ក្នុងរយៈពេលត្រឹមតែ១២ ខែប៉ុណ្ណោះ ក្រុមហ៊ុនHMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន៥ប្រភេទ និងទូរសព្ទ័ចុចប៊ូតុង ចំនួន៧ប្រភេទ នៅលើទីផ្សារ១៧០ ប្រទេស និងបានបញ្ចូលភាសាចំនួន៤៨ ភាសាទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះ ដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុន នាពេលអនាគត។ សមិទ្ធផលថ្មីៗទាំងនេះ បានឈ្នះពានរង្វាន់ជាង ២០ពីសមាជទូរសព្ទ័ពិភពលោក (Mobile World Congress) ឆ្នាំ ២០១៧ និងត្រូវបានលក់អស់យ៉ាងលឿនបំផុត នៅលើទីផ្សារទូទាំងពិភពលោក។
សូមរំឭកផងដែរថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូន ជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ។ ក្នុងរយៈពេល៦ខែ មានNokia ស្មាតហ្វូនចំនួន៥ ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។
ទន្ទឹមនឹងនេះ ទូរសព្ទ័ Nokia ប៊ូតុង៥ប្រភេទទៀត ក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរសព្ទ័ដែលពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក។
សមិទ្ធផលថ្មីៗទាំងនេះ ត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រ ជាច្រើនជុំវិញពិភពលោក។ មានអ្នកគាំទ្រ ជាងមួយលាននាក់ បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរសព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរសព្ទពិភពលោក (Mobile World Congress)។ ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង២០០ លានដង និងទស្សនាក្នុងគេហទំព័រ មានរហូតដល់ជាង ៨៧ លានដង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រមាណ ២,២ លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និងអបអរសាទរផងដែរ។
លោក Florian Seiche នាយកប្រតិបត្តិនៃក្រុមហ៊ុន HMD Global បានមានប្រសាសន៍ថា «បន្ទាប់ពីរយៈពេលមួយឆ្នាំដ៏អស្ចារ្យនេះ ជាដំបូងខ្ញុំសូមអរគុណ ដល់អ្នកគាំទ្ររបស់យើងទាំងអស់ ចំពោះការឆ្លើយតបដ៏មានតម្លៃ។ រាល់ការស្រឡាញ់ចូលចិត្ត អបអរសាទរ និងផ្ដល់ទំនុកចិត្តពួកគេ ចំពោះទូរសព្ទ័ Nokia ថ្មីរបស់យើង។ ទាំងនេះបង្ហាញពីគុណតម្លៃ នៃការផ្សារភ្ជាប់ទំនាក់ទំនងទៅកាន់មនុស្សជុំវិញខ្លួន បង្កើតជាសហគមន៍ ស្វែងយល់ពីតម្រូវការរបស់ពួកគេ និងអ្វីដែលពួកគេចង់បាន ពីការប្រើប្រាស់ទូរសព្ទ។ ជាមួយនិងភាពរីកចម្រើនដែលយើងបានបង្កើត និងការឆ្លើយតបដែលយើងទទួលបាន ខ្ញុំពិតជារំភើបនឹងសមិទ្ធផលថ្មីៗផ្សេងទៀត ដែលនឹងមកដល់ក្នុងឆ្នាំ ២០១៨ ខាងមុខនេះ សម្រាប់យើង និងអ្នកគាំទ្រទាំងអស់របស់យើង»។
គ្រួសារ Nokia តែងតែជឿជាក់ថា អ្នកប្រើប្រាស់ទាំងអស់ ត្រូវតែទទួលបាននូវផលិតផល ដែលមានគុណភាពខ្ពស់ មិនមែនត្រឹមតែ ម៉ាកយីហោល្បីល្បាញប៉ុណ្ណោះទេ។ ជាមួយទស្សនវិស័យ នៃការរចនាដ៏ប៉ិនប្រសប់ និងសមាសភាគនៃបច្ចេកវិទ្យានីមួយៗ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ និងបញ្ចូលទៅក្នុងរចនាបថ របស់ទូរសព្ទ។
កន្លងមក ក្រុមការងារបានខិតខំ ច្នៃប្រឌិតឡើងនូវអ្វីដែលថ្មី តម្រូវទៅតាមចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់រូប ដើម្បីផ្តល់នូវអត្ថប្រយោជន៍ ដ៏ធំធេងដល់អ្នកប្រើប្រាស់ ប្រចាំថ្ងៃ។ គូសបញ្ជាក់លើលក្ខណៈពិសេស នៃកេរ្តិ៍ឈ្មោះប្រកបដោយគុណភាព នៃទូរសព្ទម៉ាក Nokia ភាពសាមញ្ញ និងអាចជឿទុកចិត្តបាន រាល់ទូរសព្ទទាំងឡាយរបស់ Nokia គឺត្រូវបានរចនាឡើង សម្រាប់អ្នកគាំទ្រ ជំនាន់ថ្មីគ្រប់វ័យ៕