(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល បានជំរុញការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទិ្ធជនពិការ ដោយបានកំណត់អាត្រា និងបែបបទនៃការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ តាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន។
លោក វង សូត បានបន្ថែមឲ្យដឹងថា ជាក់ស្តែងនៅក្នុងឆ្នាំ២០១៧ នេះក្រសួង ស្ថាប័នរដ្ឋចំនួន៤៣ បានជ្រើសរើសជនពិការ ចូលបម្រើការងារ បានចំនួន២,៧៣៧នាក់ ក្នុងនោះជនពិការកម្រិតធ្ងន់ មានចំនួន១,១៨០នាក់ ដែល ក្នុងម្នាក់គិត ស្មើចំនួន២នាក់ នៃជនពិការធម្មតា គិតជាសរុបទាំងអស់មានចំនួន៣,៩១៧នាក់ ស្មើនឹង១.៧៨% បើធៀបនឹង ឆ្នាំ២០១៦ ជនពិការ កើន១៦១នាក់ ស្មើនឹង០.០៦% នឹងកំពុងបន្តជ្រើសរើសឲ្យគ្រប់តាមអត្រាដែលបានកំណត់ចំនួន២% ហើយក៏មាន វិស័យ ឯកជនចំនួន៦៣ ដែលបានទទួល ជនពិការចំនួន២,៩៦២នាក់ ឲ្យចូលបម្រើការងារ សរុបជារួម ជនពិការដែល កំពុងបម្រើ ការងារទាំងក្នុងក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន មានចំនួនសរុបទាំងអស់ ៥,៦៩៩នាក់។
ការថ្លែងបញ្ជាក់របស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានធ្វើឡើងនៅក្នុង ពិធីអបអរសាទរទិវាជនពិការកម្ពុជា លើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលប្រារព្ធធ្វើឡើងក្រោម ប្រធានបទ «ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយ មានសន្តិភាពសម្រាប់ទាំងអស់គ្នា» រៀបចំធ្វើនៅសាលមហោស្រព កោះពេជ្រ ក្រោមអធិបតីភាពសម្តេចសេនាពិជ័យ ទៀ បាញ់។
លោក វង សូត បានបន្តថា ប្រទេសកម្ពុជាបានឆ្លងកាត់សង្ត្រាម និងរបបប្រល័យពូជសាសន៍ដែលបានបន្សល់ទុក ផលវិបាក ជាច្រើន ក្នុងនោះមាន អត្រាជនពិការខ្ពស់។ តាមការអង្កេតសេដ្ឋកិច្ចសង្គមកិច្ចឆ្នាំ២០១៤ របស់វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួង ផែនការ បានបង្ហាញថា អត្រាជនពិការមានចំនួន ៥២៤, ០០០នាក់ ស្មើនឹង ៤% នៃប្រជាជនសរុប ១៤,៦៧៦,៥៩១នាក់។ ក្រៅពីនោះ ប្រជាជនកម្ពុជា ក៏ប្រឈមនឹងភាពរងគ្រោះមួយចំនួន ដែលនាំឲ្យមានពិការភាព ដូចជាគ្រោះថ្នាក់ដោយសារ គ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម គ្រោះថ្នាក់ចរាចរណ៍ ជំងឺ គ្រោះថ្នាក់ការងារ ពិការពីកំណើត ចាស់ជរា និងមូលហេតុផេ្សងៗទៀត។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្ថែមឲ្យដឹងថា ស្ថានភាពរបស់ជនពិការកម្ពុជាមានភាពល្អប្រសើរឡើងជាលំដាប់ គោល នយោបាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់វិស័យពិការភាព ត្រូវបានកសាងនិងដាក់ឲ្យអនុវត្ត ប្រកបដោយផ្លែផ្កា។ មជ្ឈដ្ឋានជាតិ-អន្តរជាតិ និងបងប្អូនជនពិការមានការសប្បាយ រីករាយ គាំទ្រចំពោះការគិតគូរ និងការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ កាកបាទក្រហមកម្ពុជា និងអង្គការដៃគូនានា ចំពោះសុខុមាលភាព ជនពិការ។
នៅក្នុងឱកាសនោះ លោក វងសូត ក៏បានបញ្ជាក់ថា កម្ពុជាសម្រេចបានការងារជាច្រើនលើវិស័យពិការភាពមានជាអាទិ៍៖
១៖ រាជរដ្ឋាភិបាលបានជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទិ្ធជនពិការ ដោយបានកំណត់អាត្រា និងបែបបទនៃការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ តាមក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន។
២៖ កម្ពុជាបានបន្តនិរន្តរភាព លើសេវាស្តារលទ្ធភាពពលកម្មកាយសម្បទា សម្រាប់ជនពិការ។ ជារៀងរាល់ឆ្នាំ ជនពិការប្រមាណ២៨,០០០នាក់ បានទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាគ្រប់ប្រភេទដោយឥតគិតថ្លៃ។ សេវានេះអាចឆ្លើយតបទៅនឹងតម្រូវការរបស់ជនពិការទាំងបរិមាណនិងគុណភាព។
៣៖ សំណង់អគារសាធារណៈរបស់រដ្ឋនិងឯកជនជាច្រើន បាននឹងកំពុងរៀបចំកែសម្រួលឲ្យជនពិការមានភាពងាយស្រួល ក្នុងការចេញចូល។
៤៖ កម្មវិធីស្តារលទ្ធភាពពលកម្មនៅតាមសហគមន៍បានចុះផ្ទាល់ដល់លំនៅឋាន ដោយបានផ្តល់សេវាស្តារលទ្ធភាពពលកម្ម កាយសម្បទា។
៥៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការដោះស្រាយក្នុងការបង្កើតមុខរបរ និងការងារធ្វើជាក់លាក់របស់ជនពិការ មានចំនួន ១៦,៩៣១ នាក់ ហើយជនពិការចំនួន ១៩២នាក់ បានទទួលការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបរ ក្នុងឆ្នាំ២០១៦។
៦៖ រាជរដ្ឋាភិបាល បានសហការជាមួយសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ផ្ទះជូនអតីតយុទ្ធជនពិការតាមសហគមន៍ បានរាប់រយខ្នងបាននិងកំពុងអនុវត្តគោលនយោបាយ ស្តីពីការផ្តល់ដីសម្បទានសង្គមកិច្ច ដល់កងកម្លាំងប្រដាប់អាវុធ ចូលនិវត្តន៍ ជនបាត់បង់សមត្ថភាពការងារ និងអតីតយុទ្ធជនរាប់ពាន់គ្រួសារ។
៧៖ កុមារពិការ បានទទួលឱកាសក្នុងការសិក្សាអប់រំតាមគ្រឹះស្ថានសាធារណៈ និងឯកជន ដូចកុមារទូទៅ ។
៨៖ សកម្មភាពវប្បធម៍ សិល្បៈ កីឡាជនពិការ ត្រូវបានលើកទឹកចិត្ត និង បង្កលក្ខណៈឱ្យជនពិការបានចូលរួមដោយ ពេញលេញ ដើម្បីបង្ហាញពីសមត្ថភាព និងទេពកោសល្យរបស់ជនពិការ។
៩៖ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទៅលើការទប់ស្កាត់គ្រោះថ្នាក់ដែលនាំឲ្យមានពិការភាពតាមរយៈការពង្រឹង ការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ការចាក់ថ្នាំបង្ការដល់មាតានិងទារក ការអប់រំពីការយល់ដឹងអំពីគ្រោះថ្នាក់ ដោយសារគ្រាប់មីន និងកាកសំណល់មិនទាន់ផ្ទុះសល់ពីសង្រ្គាមជាដើម។១០៖ បានបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានី-ខេត្ត បានចំនួន ២០ និងក្រុមការងារសកម្មភាពជនពិការបានចំនួន ១៦ តាមក្រសួង ស្ថាប័នរដ្ឋ។
១១៖ ជនពិការក្រីក្រ នៅតាមសហគមន៍បាននឹងកំពុងទទួលនូវផលប្រយោជន៍ ជាច្រើនដូចជា ការពិនិត្យព្យាបាល និងការ ថែទាំ សុខភាព ការទទួល សេវាស្តារលទ្ធភាពពលកម្ម ថ្លៃអាហារហូបចុក សោហ៊ុយធ្វើដំណើរ ដោយបានអនុវត្តសាកល្បង នៅខេត្តប៉ៃលិន ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងស្វាយរៀង ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រជាតិ និងគោលនយោបាយ ជាតិនានាដែលទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រ។
សមិទ្ធផលខាងលើនេះ បានបង្ហាញថា ស្ថានភាពជនពិការកម្ពុជាបច្ចុប្បន្ននេះ មានភាពល្អប្រសើរឡើងជាលំដាប់ អាស្រ័យ ដោយគោលនយោបាយ ដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពខ្ពស់ដល់វិស័យពិការភាពរួមនិងការសហការ ពីដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ជាតិ-អន្តរជាតិ ដែលបានបង្កើតនូវកម្មវិធីជាច្រើនក្នុងវិស័យសុខុមាលភាពជនពិការ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រួសារ មាតាបិតា និងសហគមន៍ និងស្មារតីខិតខំតស៊ូអំណត់ព្យាយាមរបស់បងប្អូន ជនពិការផ្ទាល់៕