(ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ដល់ថ្ងៃទី១១ សហព័ន្ធកីឡាល្បុក្កតោ កម្ពុជានឹងរៀបចំការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ដែលមានការចូលរួមពីកីឡាករ-កីឡាការិនី ប្រមាណ២០០នាក់មកពីក្លិបចំនួន១៣ ក្នុងខេត្តកំពង់ឆ្នាំង កំពត តាកែវ សៀមរាប និងភ្នំពេញ ដែលការប្រកួតត្រូវធ្វើឡើង នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កីឡាករ និងកីឡាការិនីគុនល្បុក្កតោចំនួន២០០នាក់ នឹងប្រកួតប្រជែងគ្នា យកជើងឯក នៅរាជធានីភ្នំពេញ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូខាងមុននេះ។ នេះគឺជាការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧។
ជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិមែន។ ប៉ុន្តែក៏ជាអ្វីដែលត្រូវសម្រិតសម្រាំងធនធានមនុស្ស និងកម្រិតបច្ចេកទេស សម្រាប់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុននោះដែរ។ ប្រទេសកម្ពុជាសង្ឃឹមថានឹងបញ្ចូលកីឡាគុនល្បុក្កតោខ្មែរ ទៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ដែលត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះ ប្រទេសចំនួន៤ គឺប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន បានព្រមព្រៀងទទួលយកកីឡាគុនល្បុក្កតោនេះរួចហើយ ហើយចាប់ពីឆ្នាំ២០១៨ខាងមុខនេះ ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គែម នឹងត្រៀមអញ្ជើញប្រទេសដទៃក្នុងអាស៊ានឲ្យទទួលយកកីឡាគុនល្បុក្កតោខ្មែរ សម្រាប់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ។
លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានមានប្រសាសន៍ថា ចលនាកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក្នុងនោះ ក៏មានកីឡាគុនល្បុក្កតោខ្មែរដែរ។ សម្រាប់លោក ច័ន្ទ សារុន, ការប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងសម្រិតសម្រាំងគុណភាពកីឡាករប្រចាំឆ្នាំ តែវាក៏ជាប្រកួតដើម្បីសម្រិតសម្រាំងកីឡាករឆ្ពោះ ទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា កីឡាករ កីឡាការិនី ហ្វឹកហ្វាត់រួចហើយត្រូវតែប្រកួតប្រជែង ព្រោះ ការប្រកួតប្រជែងធ្វើឲ្យពួកគេបង្កើតសមត្ថភាពកាន់តែខ្លាំងជាងមុន។
មិនខុសគ្នានឹងគំនិតលោក ច័ន្ទ សារុន ឡើយ, លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ថែមទៀតថា ការប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងវាយតម្លៃបច្ចេកទេសកីឡាករ កីឡាការិនី។ លោក ចំរើន បន្ថែមទៀតថា៖ «ការប្រកួតថ្នាក់ជាតិនេះ គឺជាការបញ្ចេញសមត្ថភាពកម្រិតបច្ចេកទេសខ្ពស់បំផុត»។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ហើយត្រូវបានជ្រើសរើសជាប់ជាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ នឹងទទួលបានប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តគួរជាទីគាប់ចិត្ត៕