(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន៦នាក់ ដែលពាក់ព័ន្ធករណីគ្រឿងញៀន និងដកហូតបានថ្នាំមួយចំនួន នៅល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅក្នុងមូលដ្ឋានស្រុកជើងព្រៃ។
ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅ២ទីតាំងផ្សេងគ្នា ក្នុងស្រុកជើងព្រៃ ដោយនៅវេលាម៉ោង០៥៖៣០នាទីល្ងាច កម្លាំងជំនាញប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រៃលើ ឃុំគោករវៀង mដោយប្រើវិធានញុះញង់ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ បូ រ៉ា អាយុ២៩ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស។ ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ បន្តឃាត់ខ្លួនមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៤នាក់ជាបន្តបន្ទាប់ ទី១៖ឈ្មោះ ហួត រ៉ាដាង អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ ផល វិសាល អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ ជី វ័ន្ត អាយុ២៤ឆ្នាំ និងទី៤៖ឈ្មោះ សែម ភីន អាយុ២៨ឆ្នាំ។
លោកឧត្តមសេនីយ៍ស្នងការបន្ថែមថា លុះដល់ម៉ោង០៦៖៣០នាទី កម្លាំងជំនាញប្រតិបត្តិការបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្នៅលិច ឃុំព្រៃចារ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចែម ស៊ីណូត ភេទស្រី អាយុ២០ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស ចំនួន០៩កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿង និងប្រាក់ញុះញង់៨០,០០០រៀល និងថង់ប្លាស្ទិចសម្រាប់ច្រកថ្នាំញៀនមួយចំនួន។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ ឯម កុសល ក៏បានប្រាប់បន្ថែមថា នៅលើផ្លូវជាតិលេខ៧ ចំណុចភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់សៀម កម្លាំងនគរបាលបានចុះពិនិត្យជាតិអាល់កុល-អាវុធជាតិផ្ទុះ និងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការស្រុកកំពង់សៀម និងលោកវរសេនីយ៍ត្រី វ៉ន សារឿន អធិការរងសណ្តាប់ធ្នាប់ សហការជាមួយកម្លាំងចរាចរណ៍ខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ុ ណុល និងលោកវរសេនីយ៍ត្រី សែម សាន នាយរងការិយាល័យចរាចរណ៍ខេត្តកំពង់ចាម បានពិនិត្យលើធ្យោបាយរួមចំនួន៩៨គ្រឿង។
មធ្យោបាយទាំង៩៨គ្រឿងនោះ លោកស្នងការបញ្ជាក់ថា មានរថយន្តធំចំនួន៤៨គ្រឿង, រថយន្តតូចចំនួន២៨គ្រឿង, ម៉ូតូចំនួន២៧គ្រឿង ដោយក្នុងនោះ មនុស្សចំនួន១២៣នាក់ ស្រី៣៩នាក់ ថែមទាំងផាកពិន័យរថយន្តធំ១គ្រឿង សំពីងសំពោង៕