(ភ្នំពេញ)៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានចេញសេចក្តីប្រកាសមួយ ដោយនឹងចាប់ផ្តើមរឹតបន្តឹងចំពោះទិដ្ឋាការរបស់មន្រ្តីមួយចំនួនរបស់កម្ពុជា ខណៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានការឆ្លើយតបផ្លូវការនៅពេលខាងមុខនេះ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Heather Nauert បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ នោះថា៖ «ជាការឆ្លើយតបដោយផ្ទាល់នឹងសកម្មភាពជាបន្តបន្ទាប់របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ យើងប្រកាសថា លោករដ្ឋមន្ត្រីការបរទេស នឹងរឹតបន្តឹងការចូលសហរដ្ឋអាមេរិកនូវជនទាំងឡាយណា ដែលមានជាប់ពាក់ព័ន្ធនឹង ការធ្វើឱ្យខូច លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។ លោកស្រី Nauert បានបន្ថែមទៀតថា សមាជិកក្រុមគ្រួសាររបស់ជនទាំងនោះ ក៏នឹងត្រូវហាមឃាត់មិនផ្តល់ទិដ្ឋាការជូនដែរ។
ទោះបីជាយ៉ាងនេះក្តី លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា សហរដ្ឋអាមេរិកមិនមែនដាក់បម្រាមនោះទេ ប៉ុន្តែគ្រាន់តែធ្វើការរឹតបន្តឹង។ យ៉ាងណាក៏ដោយលោកអះអាងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងមានសេចក្តីថ្លែងការណ៍មួយ ក្នុងពេលដ៏ខ្លីខាងមុខនេះដើម្បីឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់ សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា កាលពីខែកញ្ញាកន្លងទៅ សហរដ្ឋអាមេរិក ក៏បានប្រកាសផ្អាកលែងចេញទិដ្ឋាការប្រភេទ B1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយក រហូតដល់ថ្នាក់ដឹកនាំកំពូល នៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់មន្រ្តីទាំងនោះផងដែរ ដោយចោទថា ដោយសារកម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្រប ដើម្បីពន្យារពេលទទួលយកពលរដ្ឋខ្លួន ដែលអាមេរិកបញ្ជូនឱ្យត្រឡប់មកកម្ពុជាវិញ៕