(សៀមរាប-ព្រះវិហារ)៖ ប្រតិភូប្រធានក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអ៉ឺរ៉ុប (The President of European Council on Tourism and Trade) លោកសាស្ត្រាចារ្យបណ្ឌិត អានតុង ការ៉ាគា (Professor Dr. Anton Caragea) និង ប្រធានបណ្ឌិតទេសចរណ៍អ៉ឺរ៉ុប (the Director of European Tourism Academy) គឺលោកបណ្ឌិត មើសៀ ខនស្ដេនទីណឺស្កូ (Mircea Constantinescu) រូមនិងប្រតិភូអមដំណើរ នៅថ្ងៃ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញដំណើរពីខេត្តសៀមរាប ឆ្ពោះទៅទស្សនាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ពិភពលោក គឺប្រាសាទព្រះវិហារ ប្រាសាទកោះកែរ និងប្រាសាទបឹងមាលា។
លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចណ៍ខេត្តសៀមរាប ដែលបានអមដំណើរគណ:ប្រតិភូ បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា៖ គណ:ប្រតិភូជាន់ខ្ពស់ទេសចរណ៍ និងពាណិជ្ជកម្មអ៉ឺរ៉ុប បានបន្តដំណើរចេញពីខេត្តសៀមរាប ដើម្បីទៅ ទស្សនាសិក្សាស្វែងយល់អំពីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ពិភពលោក គឺប្រាសាទព្រះវិហារ ប្រាសាទកោះកែរ និងប្រាសាទ បឹងមាលា។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូនៅកោះរ៉ុង ខេត្តព្រះសីហនុ និងការស្នាក់នៅខេត្តវប្បធម៌ ប្រវត្តិសាស្រ្តខេត្តសៀមរាប-អង្គរ។
លោកប្រធានមន្ទីរបានបន្តឲ្យដឹងថា៖ បើតាមកម្មវិធីគ្រោងទុក នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ គណ:ប្រតិភូនេះនឹងរៀបចំពិធីអបអរសាទរ ការជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជា «ឯកអគ្គរដ្ឋទូតសុច្ឆន្ទះទេសចរណ៍អន្តរជាតិ និងជាគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព (Ambassador for International Year of Sustainable Tourism and Sustainable Development Goals)» និងជ័យលាភី «រាជធានីភ្នំពេញ៖ ជារាជធានីនៃទេសចរណ៍ និងវប្បធម៌ពិភពលោក (Phnom Penh : World Capital of Tourism and Cultural)»។
សាស្ត្រាចារ្យបណ្ឌិត អានតុង ការ៉ាគា បានមានប្រសាសន៍ នៅឯប្រាសាទព្រះវិហារថា៖ យើងពិតជាមានសំណាងណាស់ ដែលបានមកដល់ប្រាសាទព្រះវិហារ ដែលជាមហាប្រាង្គប្រាសាទដ៏អស្ចារ្យ និងតំណាងឲ្យវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ព្រះរាជាណាចក្រកម្ពុជា។ ហើយប្រាង្គប្រាសាទនេះ ជាសក្ខីភាព ដែលសបញ្ជាក់ឲ្យឃើញពីកម្ពុជា នាពេលបច្ចុប្បន្ន ដែលរក្សាបាននូវវប្បធម៌ អរិយធម៌ ទេសចរណ៍ និងប្រវត្តិសាស្ត្រដ៏ពិសិដ្ឋ នាឆាកអន្តរជាតិ។
ហើយព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជាអាណាចក្រនៃការអភិវឌ្ឍន៍ និងជាអាណាចក្រនៃវិស័យទេសចរណ៍ លើផ្នែកវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ ស្ថាបយកម្មដ៏ពិសិដ្ឋ ហើយមានវ័យចំណាស់ និងស៊ីវិល័យក្នុងលោក។ ប្រាសាទព្រះវិហារ ក៏ជាអត្តសញ្ញាណសម្រាប់កម្ពុជា នាពេលបច្ចុប្បន្ន គឺតំណាងឲ្យសុខសន្តិភាព វឌ្ឍនភាព និងភាពរុងរឿង។ ហើយកម្ពុជា ក៏ជាប្រទេស ដែលមានភាពល្បីល្បាញ ក្នុងការការពារ ការអភិរក្សសម្បត្តិបេតិកភ័ណ្ឌ/ប្រាង្គប្រាសាទផងដែរ៕