(ភ្នំពេញ)៖ បន្ទាប់ពីការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ជាច្រើនអាណត្តិតាមរយៈការបោះឆ្នោតមិនទទួលបានជោគជ័យ សម រង្ស៊ី ដែលមានឈាមជ័យជាជន ក្បត់ជាតិពីឪដល់កូនប្រើគ្រប់ល្បិចកល ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន ទោះបីជាផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ យ៉ាងណាក៏ដោយ។
សម រង្ស៊ី បានសមគំនិតជាមួយកឹម សុខា អនុវត្តផែនការសម្ងាត់បដិវត្តន៍ពណ៌ក្រោមការគាំទ្ររបស់បរទេស និងតែងតែអំពាវនាវឱ្យប្រជា ជនងើបបះបោរតវ៉ា និងកងទ័ពត្រូវបែរចុងកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ គ្រាន់តែត្រួសៗ សម រង្ស៊ី បានអំពាវនាវ ឱ្យកងទ័ពកម្ពុជាបែរចុងកាណុងមកប្រឆាំងរដ្ឋាភិបាលមិនតិច ៤ដងឡើយនៅក្នុងព្រឹត្តិការណ៍សំខាន់ក្នុងរយៈពេល ៦ ឆ្នាំចុងក្រោយនេះក្នុងនោះនៅឆ្នាំ ២០១១ ក្រោយពី សម រង្ស៊ី បញ្ចប់ទស្សនកិច្ចដកបទពិសោធពីការធ្វើបដិវត្តន៍ពណ៌នៅប្រទេសទុយណេស៊ី នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ មហាបាតុកម្មប្រឆាំងនឹង លទ្ធផលបោះឆ្នោតប្តូររូបភាពទៅជាបដិវត្តន៍ពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលក្រោមរូបភាពបដិវត្តន៍ពណ៌ និងចុងក្រោយនេះនៅចន្លោះពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៧ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ក៏ដូចជាបទសម្ភាសនានាជាមួយបណ្តាញប្រព័ន្ធផ្សព្វផ្សាយ សម រង្ស៊ី បានអំពាវនាវឱ្យប្រជាជន និងកងទ័ពបះបោរនិង ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់។ តើហេតុអ្វីបានជា សម រង្ស៊ី ព្យាយាមញុះញង់កងទ័ព?
ទី១៖ សម រង្ស៊ី និងចៅហ្វាយនាយបរទេសរបស់ខ្លួន ពិតជាអស់លទ្ធភាពក្នុងការយកជ័យ ជម្នះលើគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការបោះឆ្នោត ព្រោះពលរដ្ឋភាគច្រើនលើសលប់បានគាំទ្រគណបក្សប្រជាជនកម្ពុជា និងនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តដឹកនាំប្រទេសជាតិ។ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីរំដោះជាតិនិង ប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ រំលាយអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម និងនាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យជូនកម្ពុជា។
កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការកសាងប្រទេសត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ។ សម រង្ស៊ី មិនអាចយកកម្លាំងប្រជាជនមកទប់នឹងកម្លាំងរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។ ហេតុដូច្នេះហើយមានពួកគេ បានបែរទិសដៅចូលក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីផ្តួលរបបដឹកនាំម្តងតាមរយៈការព្យាយាមបំបែកបំបាក់កងទ័ពជាតិ និងអំពាវនាវឱ្យបះបោរ និងបែរចុងកាណុងប្រឆាំងរដ្ឋាភិបាលឈរនៅខាងប្រជាជន ដូចដែលប្រទេសស៊ីរី លីប៊ី ហ្សាំបាវេជាដើមដែលបានធ្វើ។ ប៉ុន្តែ សម រង្ស៊ី និងគូកនមិនបានគិតថា នេះគឺជាទង្វើក្បត់ជាតិឡើយ។
ទី២៖ ការផ្គើន និងការរំលោភបំពានច្បាប់ជាច្រើនដងរបស់ សម រង្ស៊ី បានធ្វើឱ្យប្រជាជនកម្លាំងប្រដាប់អាវុធ និងរាជរដ្ឋាភិបាលមិនសប្បាយចិត្តឡើយ ព្រមទាំងបានចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងទណ្ឌិត សម រង្ស៊ី នេះថែម ទៀតផង។ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានប្រកាសប្តឹងតាមផ្លូវតុលាការប្រឆាំងនឹងទណ្ឌិត សម រង្ស៊ី ដែលបានអំពាវនាវឱ្យកងទ័ពបះបោរ និងស្នើសុំតុលាការផ្តន្ទាទោសឱ្យធ្ងន់ធ្ងរបំផុត។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថាការ អំពាវនាវនេះបានធ្វើឱ្យខុសវិន័យ និងលក្ខន្តិកៈកងទ័ព និងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យកងទ័ពតស៊ូតាមផ្លូវច្បាប់។ លោក ប៉ុល សារឿន បានហៅការអំពាវនាវរបស់ អតីតមេបក្សប្រឆាំងថាជាអំពើក្បត់ជាតិ និងបានថ្លែងថាទោះយ៉ាងណា កងទ័ពមានវិន័យ មិនជ្រួលជ្រើមតាមនោះទេ ហើយកងទ័ពនឹងមិនអនុញ្ញាតឱ្យ បដិវត្តន៍ពណ៌កើតឡើងនៅកម្ពុជាជាដាច់ខាត។ ដូច្នេះសម រង្ស៊ី មិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយព្រោះនេះគឺជាការញុះញង់ឱ្យបែកបាក់ជាតិ។ ប៉ុន្តែគ្មានការបែកបាក់ជាតិណាមួយកើតឡើងឡើយ ព្រោះប្រជាពលរដ្ឋបានដឹងយ៉ាងច្បាស់ថា នរណាជាអ្នកសេ្នហាជាតិ និងប្រជាជន។
ទី៣៖ បើតាមការគ្រោងទុកនៅថ្ងៃទី៧ ខែធ្នូនេះ មេធាវីនៃអគ្គបញ្ជាការកងយោធពល ខេមរភូមិន្ទនឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង ជនក្បត់ជាតិ សម រង្ស៊ី។ បើទោះបីជាមិនទាន់ដឹងថា ត្រូវប្តឹងពីបទអ្វីនៅឡើយ ប៉ុន្តែបើតាមអ្វីដែល សម រង្ស៊ី បានប្រព្រឹត្តគឺអាចនឹងត្រូវប្តឹងអំពើក្បត់ជាតិដែលពាក់ព័ន្ធនឹងការប៉ះពាល់ ដល់សន្តិសុខនៃកងយោធពលខេមរភូមិន្ទ។ មាត្រា៤៧១ នៃច្បាប់ស្តីពីក្រមព្រហ្មទណ្ឌ ចែងអំពីបទញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ បានចែងថា អំពើញុះញង់ដោយផ្ទាល់ កុំឱ្យយោធិនស្តាប់បង្គាប់ដើម្បីធ្វើឱ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល។ សម រង្ស៊ី ក៏អាចនឹងត្រូវប្តឹងពីបទធ្វើឱ្យខូចទឹកចិត្តកងទ័ពដែរ។ មាត្រា៤៧២ នៃច្បាប់ស្តីពីក្រមព្រហ្មទណ្ឌបានចែងថា អំពើចូលរួម ក្នុងការធ្វើឱ្យខូចទឹកចិត្តកងទ័ព ដើម្បីធ្វើឱ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លាន ទៅ១០លានរៀល។
កាលដែល សម រង្ស៊ី ព្រមទាំងអ្នកនយោបាយនៃអតីតបក្សសង្គ្រោះជាតិ ព្យាយាមជាច្រើនលើកច្រើនសាក្នុងការញុះញង់ ប្រជាពលរដ្ឋចុះតាមដងផ្លូវតវ៉ាប្រឆាំង នឹងរាជរដ្ឋាភិបាល ស្របច្បាប់ និងព្យាយាមបំភ្លៃបំផ្លើស និងបំភ័ន្តមតិជាតិ និងអន្តរជាតិ និងប្រឌិតព័ត៌មានថា មានការបែកបាក់ផ្ទៃក្នុងរបស់ គណបក្សប្រជាជនកម្ពុជា និងចុងក្រោយការបំបែកបាក់កងទ័ព និងធ្វើឱ្យខូចទឹកចិត្ត និងញុះញង់កុំឱ្យកងទ័ពស្តាប់បង្គាប់ គឺគ្រាន់តែជាសេណារីយូបរាជ័យមួយ និងជាការប៉ុនប៉ងចុងក្រោយមុននឹងក្រុមអ្នកនយោបាយក្បត់ជាតិទាំងនេះបញ្ចប់ ទាំងជីវិត នយោបាយ និងជីវិតផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។ អ្នកនយោបាយក្បត់ជាតិទាំងនេះហាក់ដូចជាមិន បានយល់ច្បាស់ពីទឹកចិត្តរបស់ប្រជាជន និងកងកម្លាំងប្រដាប់អាវុធ និងមិនបានយល់ច្បាស់ពី ប្រទេសជាតិខ្លួនឯង បានជាខិតខំព្យាយាមដើរញុះញង់ដូច្នេះ។
ពួកគេអាចធ្វើបានជោគជ័យក្នុងការធ្វើឱ្យបរទេសមួយចំនួន ដែលសំឡឹងមើលកម្ពុជាដូចជាដើមឈើមួយដើមជាជាងមើលព្រៃទាំងមូល បានក្នុងការកុំឱ្យផ្តល់ ជំនួយដល់កម្ពុជាកុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា រួមនឹងវិធានការអយុត្តិធម៌ផ្សេងទៀតប្រឆាំងនឹងកម្ពុជា ប៉ុន្តែពួកគេមិនអាចញុះញង់ប្រជាពល រដ្ឋនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទធ្វើតាមគំនិត រវើរវាយ បំផ្លាញជាតិនិងប្រជាជនបានឡើយ។
ប្រជាជនបានចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍ គិតគូរពីការពង្រឹងនិងពង្រីកជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ជាជាងយកពេលវេលា និងកម្លាំងបញ្ញា ទៅគិតគូរនិងដើរតាម អ្នកនយោបាយក្បត់ជាតិដូច សម រង្ស៊ី កឹម សុខា និងក្រុមជនបំផ្លាញជាតិមួយចំនួន។ ចំណែកកងកម្លាំងប្រដាប់អាវុធដែលបានលះបង់សាច់ ស្រស់ឈាមស្រស់របស់ខ្លួនដើម្បីនាំយក នូវសុខសន្តិភាពជូនជាតិ និងប្រជាជនដូចសព្វថ្ងៃនេះ ពួកគាត់មានវិន័យ មានឋានានុក្រមត្រឹម ត្រូវស្មោះស្មគ្របម្រើជាតិមាតុភូមិ ការពារសន្តិភាព និងការអភិវឌ្ឍដែលជាតិមាន។
ដូច្នេះគ្មាននរណាស្តាប់ការអំពាវនាវបែបឆ្កួតលេលារបស់ទណ្ឌិត សម រង្ស៊ី និងការញុះញង់បំបែកបំបាក់ជាតិ របស់ក្រុមអ្នកនយោបាយបំផ្លាញជាតិឡើយ។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបាន ត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ស្កាត់ និងកម្ចាត់ជនក្បត់ជាតិដូច សម រង្ស៊ី កឹម សុខា និងអ្នកនយោយបាយក្បត់ជាតិមួយចំនួនដើម្បីភាពសុខសាន្តរបស់ជាតិ និងប្រជាជនកម្ពុជាទៅវិញទេ។ ដូច្នេះកុំព្យាយាមបំបែកបំបាក់ជាតិ ព្រោះ សម រង្ស៊ី និងក្រុមអ្នកនយោបាយក្បត់ជាតិមិនមែនក្បាលប៉ានដែកថែបទេ៕
ដោយ៖ ចៅ ចាក់់ស្មុក