(ភ្នំពេញ)៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ ដើម្បីប្រកាសសុពលភាពរបស់តំណាងរាស្រ្តថ្មី ១៦រូប រួមទាំងបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើ អនុប្រធាន-សមាជិកថ្មីរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ៣រូប ដែលជំនួសអ្នកដែលបានលាលែងផងដែរ។
តំណាងរាស្រ្តថ្មី១៦រូប ដែលត្រូវប្រកាសសុពលភាពនេះរួមមាន ១១រូប មកពី CPP ដែលទទួលបានការបែងចែកអាសនៈដោយគ.ជ.ប, ៤រូប មកពី CPP ដែលជំនួសសមាជិកសភា៤រូបរបស់ CPP ដែលលាលែងដើម្បីទៅឈរជាបេក្ខជនសមាជិកព្រឹទ្ធសភា និង១រូបទៀត មកពីគណបក្សហ៊្វុនស៊ិនប៉ិច ដែលជំនួស លោក នុត សុខុម ដែលលាលែងពីសមាជិករដ្ឋសភា ទៅឈរជាអនុប្រធានរបស់គ.ជ.ប។
ដោយឡែក បេក្ខជនអនុប្រធាន-សមាជិក គ.ជ.បថ្មី៣រូប ដែលត្រូវបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត នៅថ្ងៃទី០៧ ខែធ្នូនោះ រួមមាន ១៖ លោក នុត សុខុម មកពីគណបក្សហ៊្វុនស៊ិនប៉ិច ២៖ លោក ហ៊ែល សារ៉ាត់ មកពីគណបក្សសញ្ជាតិកម្ពុជា និងទី៣៖ លោក ឌឹម សុវណ្ណារុំ មកពីសាលាក្តីខ្មែរក្រហម។
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឃោសនានិងព័ត៌មាន បានឱ្យដឹងថា នៅពេលប្រកាសសុពលភាពជូនតំណាងរាស្រ្តថ្មីទាំង១៦រូបហើយនោះ តំណាងរាស្រ្តទាំងនោះនឹងចូលស្បថនៅព្រះបរមរាជវាំងតែម្តង៕