(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាង ខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយនឹងការប្រតិកម្មនេះ នាយឧត្តមសេនីយ៍ មាស សុភា បានផ្តាំទៅលោក សម រង្ស៊ី ថា កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ មាស សុភា ក៏សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលបានធ្វើសន្និសីទសារព័ត៌មានឆ្លើយតបទៅនឹងទណ្ឌិត សម រង្ស៊ី។
ប្រតិកម្មនេះ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាល ជាថ្មីម្តងឲ្យកងទ័ព បញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។
នាយឧត្តមសេនីយ៍ មាស សុភា បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះថា «ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិ អាទណ្ឌិត សម រង្ស៊ី ត្រូវដឹងឲ្យច្បាស់ពីសារ បានរបស់កងទ័ពកម្ពុជា។ កងទ័ពទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីតស៊ូរំដោះប្រទេសជាតិ ចេញពីរបបវាលពិឃាត គ្រប់កាលៈទេសៈសម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការផុតលេខរបស់កម្ពុជា ដូច្នេះកងទ័ពទាំងអស់បានបូជាជីវិត ដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈទេសៈក៏ដោយ»។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕