(តាកែវ)៖ កម្មករ-កម្មការិនីកាត់ដេរសំលៀកបំពាក់ នៅឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជិត២០០នាក់ បានដួលសន្លប់ជាបន្ដបន្ទាប់ដោយសារពុលក្លិននៅក្នុងរោងចក្រ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ ប៉ុន្តែមិនមានកម្មករណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតនោះឡើយ។
នៅរសៀលថ្ងៃនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បាននាំយកថវិកាសរុប៥ម៉ឺនដុល្លារ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បូករួមជាមួយទឹកដោះគោ ទៅឧបត្ថម្ភជូនជនរងគ្រោះផងដែរ ដោយម្នាក់ៗទទួលបានចំនួន៥ម៉ឺនរៀល ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី។
នៅក្នុងឱកាសនោះលោកអភិបាលខេត្ត បានពាំនាំសួរសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន និងណែនាំឲ្យក្រុមគ្រូពេទ្យបន្តតាមដាន ជួយព្យាបាលកម្មកររហូតជាសះស្បើយផងដែរ៕