(ភ្នំពេញ)៖ លោក ហាច ហ៊ាន តំណាងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធយុវជន និងយុវនីតិសម្បទា លោក វង សូត នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ បាននាំយកថវិកាចំនួន៥លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារ និងយុវតីរងគ្រោះ ដែលត្រូវបានជនដៃដល់ប៉ងរំលោភ និងកាប់បណ្តាលឲ្យរងរបួសធ្ងន់ (ស្ទើដាច់ក) នៅខេត្តកំពត។
ការប្រគល់ថវិកាទាំង៥លានរៀលខាងលើនេះ បានធ្វើឡើងនៅក្នុងមន្ទីរពេទ្យគន្ធបុប្តា ទីកន្លែងដែលយុវតីរងគ្រោះ កំពុងសម្រាកព្យាបាលនៅទីនោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ យុវតី គ-ថ្លង់ អាយុ១៤ឆ្នាំម្នាក់ ត្រូវបានជនដៃដល់កាប់ ស្ទើស្លាប់ស្ទើរស់ នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែជនដៃដល់ត្រូវបាននគរបាលតាមចាប់ខ្លួនបានហើយ។ ចំពោះមូលហេតុ នៃការប្រើអំពើហិង្សាដ៏ឃោរឃៅនេះ គឺដោយសារតែជនដៃដល់ ដែលជាក្មេងជំទង់នោះប៉ុនប៉ងរំលោភ នាងកណ្តាលវាលស្រែ ប៉ុន្តែត្រូវនាងស្រែក។
សមត្ថកិច្ចបានឱ្យដឹងថា ជនដៃដល់ដែលជាក្មេងជំទង់ មានឈ្មោះ អាន ប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅក្នុងភូមិ/ ឃុំកើតហេតុ។ ចំណែកយុវតីរងគ្រោះ មានឈ្មោះ ស្រី ខេម អាយុ១៤ឆ្នាំ ជាមនុស្សគ ហើយសតិមិនគ្រប់ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ នៅក្បែរផ្ទះរបស់ជនដៃដល់។ ជនរងគ្រោះ រងការកាប់ឲ្យរបួសចំនួន ៣កន្លែង រួមមានកញ្ចឹងកឆ្វេង២កន្លែង និងភ្លៅ១កន្លែង។
បើតាមចម្លើយសារភាព របស់ជនដៃដល់ បានឱ្យដឹងថា រូបគេបានកាប់ទៅលើជនរងគ្រោះ ព្រោះតែនាងស្រែក នៅពេលដែល រូបគេប៉ុនប៉ងរំលោភ មិនបានសម្រេច នៅក្នុងវាលស្រែ។
ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានប្រកាសតាមរយៈសារព័ត៌មាន Fresh News ថ្កោលទោសយ៉ាងដាច់អហង្ការ លើជនដៃដល់ កាប់យុវតីគ-ថ្លង់ស្ទើដាច់ក នៅខេត្តកំពត។ លោក ឯម ច័ន្ទមករា បានបន្ថែមថា ទង្វើរបស់ជនដៃដល់រូបនេះ គឺជាអំពើព្រៃផ្សៃ និងសាហាវបំផុត មិនអាចលើកលែងទោសឲ្យបានឡើយ។
លោក ឯម ច័ន្ទមករា បានសម្តែងការសោកស្តាយ ចំពោះគ្រួសាររបស់ យុវតីគ-ថ្លង់ខាងលើ ដែលបានក្លាយជាជនរងគ្រោះម្នាក់ ដោយសារតែជនដៃដល់ ហ៊ានលើកដៃកាប់ជនពិការ ដែលមានសតិមិនល្អបែបនេះ៕