Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីជាន់ខ្ពស់ហ៊្វុនស៊ិនប៉ិច៖ រឿង លោក សម រង្ស៉ី អំពាវនាវឱ្យកងទ័ពប្រឆាំងរដ្ឋាភិបាល គឺជាកំហុសធ្ងន់ធ្ងរបំផុតក្នុងឆាកជីវិតរបស់លោក

06-12-2017 17:57

(ភ្នំពេញ)៖ លោក ញ៉េប ប៊ុនជិន អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការអំពាវនាវឱ្យកងទ័ពប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់របស់លោក សម រង្ស៊ី គឺជាកំហុសធ្ងន់ធ្ងរបំផុត ក្នុងជីវិតនយោបាយរបស់លោក។

លោក ញ៉េប ប៊ុនជិន បានបន្ថែមទៀតថា ការអំពាវនាវបែបនេះរបស់ លោក សម រង្ស៊ី គឺជាចេតនាក្នុងការធ្វើឱ្យកម្ពុជា កើតឡើងសង្រ្គាមជាថ្មី ដែលបំផ្លាញដល់សុខសន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសគឺបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

«ខ្ញុំយល់ឃើញថា លោក សម រង្ស៊ី ធ្វើខុសច្រើនដងច្រើនសារ ជាអំពើខុសធ្ងន់ធ្ងរបំផុតសម្រាប់ជាតិ ការធ្វើរបស់លោក សម រង្ស៊ី បែបនេះធ្វើឲ្យខ្មែរអស្ថេរភាព រញ៉េរញ៉ៃ ទង្វើបែបនេះជាអំពើផ្ទុយពីច្បាប់ មានចេតនាបំផ្លិចបំផ្លាញសន្តិភាពរបស់កម្ពុជា និងបំផ្លាញសេចក្តីរបស់ប្រជាជន» នេះបើយោងតាមការបញ្ជាក់ពីលោក ញ៉េប ប៊ុនជិន។

សូមបញ្ជាក់ថា ការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិនបែបនេះ បានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឱ្យ កងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឱ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ការលើកឡើងបែបនេះ គឺជាទង្វើក្បត់ជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក៏បានហៅ លោក សម រង្ស៊ី ថាជាជនក្បត់ជាតិសួរពូជ៕