(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ អភិបាលរង មន្ត្រីរាជការខណ្ឌសង្កាត់ភូមិ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រក្រ ចំនួន ២០គ្រួសារ ក្នុងសង្កាត់សាក់សំពៅ។
អំណោយដែលបានចែកជូន ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់០៧មុខផ្សេងទៀត រួមនឹងថវិកា ៣ម៉ឺនរៀល។
ក្នុងឱកាសនោះ លោកអភិបាលបានធ្វើការលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនក្រោមដំបូលសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងពីរ តែងយកចិត្តទុកដាក់ដល់ការលំបាករបស់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាជនក្រីក្រ ជនងាយរងគ្រោះ កុមារកំព្រា នៅក្នុងមូលដ្ឋាន និងបានណែនាំដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ដោយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារឡើយ។
លោកអភិបាលក៏បានធ្វើការណែនាំដល់បងប្អូនទាំងអស់ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការហាត់ប្រាណ អនាម័យសុខភាព ហូបស្អាត ផឹកស្អាត ដើម្បីបន្តរស់នៅយូរអង្វែង រងចាំមើលការអភិវឌ្ឍរីកចម្រើនទៅមុខទៀតរបស់ប្រទេសជាតិ៕