(កែប)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រៀមរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ នាថ្ងៃទី០៦ ខែធ្នូនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប បានអំពាវនាវយ៉ាងទទូចដល់ម្ចាស់ដីឡូតិ៍ដែលមានដីនៅខេត្តកែប សូមរួសរាន់មកកាប់ឆ្ការព្រៃក្នុងដីឡូតិ៍របស់ខ្លួនឲ្យបានស្អាត មុនពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ខាងមុខ។
ប្រការដែលលោករដ្ឋមន្ត្រី និងលោកអភិបាលខេត្តអំពាវនាវយ៉ាងដូច្នេះ ដោយសារការងារសំអាតនេះ គឺជាការចូលរួមចំណែកក្នុងការលើកតម្កើងសោភ័ណភាព និងរួមចំណែក្នុងថែរក្សាសន្តិសុខក្នុងទីក្រុងកែបនោះផងដែរ។
គួរបញ្ជាក់ថា ពិធីបុណ្យសមុទ្រ លើកទី៦ (ជុំទី២) នៅខេត្តកែប ឆ្នាំ២០១៧នេះ នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ខាងមុខ ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគតគឺបច្ចុប្បន្ន» និងក្រោមពាក្យស្លោក «និរន្តរភាពទេសចរណ៍ សម្រាប់ការអភិវឌ្ឍ» ដែលពិធីបើកដំណើរការពិធីបុណ្យសមុទ្រជាផ្លូវការ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧។
ដើម្បីរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះ ឲ្យកាន់រលូនល្អប្រសើរប្រកបដោយជោគជ័យលើសឆ្នាំមុនៗ គណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ បានជួបប្រជុំគ្នាជាច្រើនលើក និងចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងជាបន្តបន្ទាប់។ ជាក់ស្ដែង នៅថ្ងៃនេះផងដែរ គណៈកម្មការនេះបានបើកកិច្ចប្រជុំត្រួតពិនិត្យនៅសាលាខេត្តកែប ក្រោមវត្តមានលោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្ត កែន សត្ថា។
ក្នុងកិច្ចប្រជុំខាងលើ លោករដ្ឋមន្ត្រីបានឯកភាពជាមួយលោកអភិបាលខេត្តកែប អំពាវនាវដល់ម្ចាស់ដីឡូតិ៍ទាំងអស់ដែលមានដីរបស់ខ្លួននៅខេត្តកែប ពោលក្នុងបរិវេណ និងជុំវិញបរិវេណពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ត្រូវរួសរាន់មកបោសសំអាត និងកាប់ច្ការព្រៃក្នុងដីឡូតិ៍របស់ខ្លួនឲ្យបានស្អាតបាត មុនការប្រារព្ធពិធីបុណ្យសមុទ្រ ដើម្បីចូលរួមលើកតម្កើងសោភ័ណភាព និងជាកត្តាសំខាន់មួយក្នុងការចូលរួមថែរក្សាសន្តិសុខក្នុងពិធីបុណ្យផងដែរ។
លោក កែន សត្ថា បានបញ្ជាក់ថា បច្ចុប្បន្ន ដីឡូតិ៍ក្នុងខេត្តកែបដែលជាកម្មសិទ្ធិឯកជនមានប្រមាណ ៣ពាន់ឡូតិ៍ ប៉ុន្តែដីឡូតិ៍ដែលមានការអភិវឌ្ឍមានតែប្រមាណជាង ៥០០ឡូតិ៍ប៉ុណ្ណោះ ដូច្នេះតាមរយៈការអំពាវនាវនេះ សូមម្ចាស់ដីឡូតិ៍ទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំការងារនេះ។
លោករដ្ឋមន្ត្រីក៏បានក្រើនរំលឹក និងជំរុញជាដដែលៗថា ខេត្តកែបត្រូវតែជាខេត្តគំរូក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ពិសេសគំរូក្នុងការបញ្បប់ការបោះចោលសំរាមជាក្រដាសចោលក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន សំដៅធ្វើឲ្យកម្ពុជាស្អាត និងបៃតង។
ជាមួយនឹងការជំរុញខាងលើនេះ លោករដ្ឋមន្ត្រីថែមទាំងបានជំរុញដល់មន្ត្រីពាក់ព័ន្ធ និងវិស័យឯកជន សហការគ្នាជំរុញបន្តទៅគ្រប់ភោជនីយដ្ឋាន អាហារដ្ឋានក្នុងខេត្តកែប បញ្ឈប់ការចោលក្រដាសក្រោមតុឲ្យខានតែបាន ដោយជំនួសមកវិញនូវការប្រើកន្សែងស្អាត ឬកន្សែងត្រជាក់ ដែលស្មារតីនេះជាកត្តាសំខាន់បំផុត ក្នុងការចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។
អង្គប្រជុំបានពិភាក្សាយ៉ាងផុសផុល និងលម្អិតបន្ថែមទៀតអំពីការងារត្រៀមរៀបចំពិធីសមុទ្រ នាពេលខាងមុខ ខណៈនៅសល់តែ១៧ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការទេសចរណ៍ដ៏ឱឡារិកដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំពុងទន្ទឹងរង់ចាំនោះ នឹងឈានចូលមកឆាប់ៗនេះហើយ។
សូមជម្រាបថា ក្នុងពិធីបុណ្យសមុទ្រលើកទី៥ នៅខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្ត ប្រមាណជាង៥០ម៉ឺននាក់ ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់៕