(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងនាមប្រធានអនុគណៈកម្មការត្រួតពិនិត្យ ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ហៅកាត់អនុគណៈកម្មការទី២) នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំសិក្ខាសាលា ស្តីពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមពី អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក (ក្រសួងសាធារណការ និងដឹកជញ្ជូន) ស្នងការរងទទួលការងារសណ្តាប់ធ្នាប់ និងនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកទាំង២៥រាជធានី ខេត្ត។
សិក្ខាសាលានេះ មានគោលបំណងត្រួតពិនិត្យ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០១៧ ដោះស្រាយបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅសម្រាប់ឆ្នាំ២០១៨។
តាមរបាយការណ៍រយៈពេល១១ខែឆ្នាំ ២០១៧ របស់អនុគណៈកម្មទី២បង្ហាញថា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ៣,២៣៤លើក បណ្តាលអោយស្លាប់ចំនួន១,៦១៧នាក់ និងរងរបួសចំនួន៥១០៧នាក់។ ប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំមុន គ្រោះថ្នាក់ថយចំនួន១០៤លើក ស្មើនឹង៣% ស្លាប់៎កើន៤១នាក់ ស្មើនឹង២.៦% របួសថយចុះ ៨៥៥នាក់ ស្មើនឹង១៤% បង្កើឡើងដោយល្មើសល្បឿនកំណត់ ៣៦% មិនគោរពសិទ្ធិ ១៧%, មិនប្រកាន់ស្តាំ ១៣%, វ៉ាជែង១១%, បត់មិនប្រយ័ត្ន១០%, ស្រវឹង១០%, កក្តាយានយន្ត៤%, និង ងងុយគេង១% ។ សំគាល់៖ អ្នកស្លាប់ជាអ្នកជិះម៉ូតូមានចំនួន៧៦% (៨៣% មិនពាក់មួក)។
ក្នុងឱកាសសិក្ខាសាលានេះ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យស្នងការរងទទួលផែនសណ្តាប់ធ្នាប់ និងនាយការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ត្រូវចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អោយបានជាប់ជាប្រចាំ និងត្រូវសហការជាមួយដែគូពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ នៅក្នុងមូលដ្ឋាន ពិសេសកសិករ កម្មករ សិស្ស និងអ្នកប្រើប្រាស់ម៉ូតូ ដើម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងនោះផងដែរ អនុគណៈកម្មការទី២ បានផ្សព្វផ្សាយនូវលិខិតបទដ្ឋានក្រោមច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៣៖
ទី១៖ ប្រកាសអន្តរក្រសួង ស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
ទី២៖ ប្រកាសអន្តរក្រសួង ស្តីពីការផ្តល់ថវិការង្វាន់លើការគ្រប់គ្រង និងការប្រមូលចំណូលពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ ទី៣៖ ប្រកាសអន្តរក្រសួង ស្តីពីទម្រង់បែបបទនៃបង្កាន់ដៃពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕