(ព្រះសីហនុ)៖ ក្រុមចោរឆក់ទ្រព្យសម្បត្តិរបស់ជនបរទេសដ៏សកម្មចំនួន៣នាក់ នៅខេត្តព្រះសីហនុ ត្រូវបានកម្លាំងនគរបាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្ត តាមស្រាវជ្រាវរហូតចាប់ខ្លួនបានជាបន្តបន្ទាប់។
នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែនព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី កុល ផល្លី បានឲ្យដឹងថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានទទួលបណ្តឹងតាមទូរស័ព្ទថា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២២ តាមដងផ្លូវស្ថិតនៅចំណុច ក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី លួចមានស្ថានទម្ងន់ទោស ( ឆក់ជនជាតិចិន ) មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួសកើតឡើង ហើយករណីនេះបានបង្កឡើងជនសង្ស័យចំនួន០៥នាក់ ជិះម៉ូតូ ០២គ្រឿង។
ក្រោយពីទទួលបានការចង្អុលដឹកនាំពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កំណត់អត្តសញ្ញាណ រហូតដល់យប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ចាប់បានជនង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់។
ជនរងគ្រោះដែលរងនូវការឆក់នោះមានឈ្មោះ YOU ZHI Hui ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខៈG503618162 ស្នាក់នៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ រងរបួសដៃ ជើង និងដងខ្លួន។
ដោយឡែកជនសង្ស័យដែលឃាត់ខ្លួនចំនួន០៣នាក់៖
ទី១៖ ឈ្មោះ កែវ មិថុនា ហៅ ម៉ិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី)
ទី២៖ ឈ្មោះ ម៉ៅ ប៊ុននី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី)
ទី៣៖ ឈ្មោះ កែវ ចាន់តូ ហៅ ឆក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្មាច់ដែង ឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (សហចារី)។
ជនសង្ស័យទាំង០៣នាក់ខាងលើនេះ បានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព លួចមានស្ថានទម្ងន់ទោស (ឆក់ជនជាតិចិន) មិនបានសម្រេច បណ្តាលឲ្យជនរងគ្រោះដួលរងរបួស នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២២ ស្ថិតនៅចំណុច ក្រុមទី២៤ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ពិតប្រាកដមែន ។
វត្ថុតាងចាប់យកបាន៖ ម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ (មធ្យោបាយធ្វើសកម្មភាព)។ ចំពោះជនសង្ស័យ០២នាក់ ដែលនៅសេសសល់ កំពុងតាមរកចាប់ខ្លួន។
ចំពោះជនសង្ស័យខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានក៏សាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕