(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រកាសថា «យើងខ្ញុំទាំងអស់គ្នា ជាកម្លាំងកងរាជអាវុធហត្ថទូទាំង ខេត្តបន្ទាយមានជ័យ សូមប្រកាសទាត់ចោល និងមិនទទួលយកដាច់់ខាតចំពោះសម្តីញុះញង់ម្តងៗ ហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកម្លាំងប្រដាប់អាវុធក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាល របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា»។
ឧត្តមសេនីយ៍ត្រីមេបញ្ជាការ សូមផ្តាំទៅលោក សម រង្ស៊ី ឲ្យដឹងថា កម្លាំងអាវុធហត្ថទូទាំងខេត្ត បានប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់ គោរពតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បើទោះបីត្រូវពលីជីវិតក្នុងកាលៈទេសៈណាក៏ដោយ ដើម្បីថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ នឹងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអះអាងថា «ពាក្យសម្តីដ៏ថោកទាបបំផុតរបស់ពូជសន្តានក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីបំបែកបំបាក់ជាតិ បំផ្លាញសន្តិភាព បំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ កម្លាំងអាវុធហត្ថទាំងអស់ នៅខេត្តបន្ទាយមានជ័យ សូមប្តេជ្ញាប្តូរផ្តាច់ស្មោះត្រង់គោរពតាមសម្តេចតេជោ ហ៊ុន សែន ដោយគ្មានងាករេនោះឡើយ»។
ជាមួយគ្នានេះ ទាំងមេបញ្ជាការអាវុធហត្ថ និងកម្លាំងអាវុធហត្ថនៅខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកាសគាំទ្រការថ្កោសទោសពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេសចំពោះទណ្ឌិត សម រង្ស៊ី។
ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានចេញមកអុចអាល ជាថ្មីម្តងឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងកម្លាំងប្រដាប់អាវុធកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕