(ភ្នំពេញ)៖ ដោយអនុវត្តន៍នូវតួនាទីភារកិច្ច និងសេចក្តីណែនាំ ជាប្រចាំរបស់ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងប្រធានកាំកុងត្រូលរាជធានីភ្នំពេញ លើការការពារសុខុមាលភាព ប្រជាជននិងសុវត្ថិភាពម្ហូបអារហារ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារចុះត្រួតពិនិត្យ ទំនិញនៅផ្សារក្រាំងពង្រ ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនៅផ្សារក្រាំងពង្រ មន្ត្រីកាំកុងត្រូល បានឲ្យដឹងថា ការធ្វើតេសបឋមទៅលើទំនិញ ដែលមានហាភ័យខ្ពស់ ដូចជា៖ សរសៃនំបញ្ចុក គុយទាវសរសៃតូច ចាហួយ ខ្មៅ ប្រហិតសាច់គោ មឹក បង្គារ ដើម្បីរកសារធាតុគីមីហាមឃាត់ ជាលទ្ធផលពុំឃើញមានសារធាតុគីមីហាមឃាត់ឡើយ ហើយបានយកគំរូ បន្លែ ផ្លែឈើមួយចំនួនបញ្ជូនទៅ មន្ទីរពិសោធិ៍ របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីរកសារធាតុគីមីហាមឃាត់ជាបន្ត។ មន្ត្រីកាំកុងត្រូល ក៏បានផ្សព្វផ្យាយ អប់រំ ណែនាំដល់អាជីវករ និងអ្នកប្រើប្រាស់ ឲ្យយល់ដឹងអំពី សុវត្ថិភាពចំណីអាហារ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នារវាង គ្រឿងប្រើប្រាស់ដែលមាន ផ្ទុកសារធាតុពុល និងម្ហូបអាហារហាមការដាក់តាំងផលិតផលភេសជ្ជៈត្រូវកំដៅថ្ងៃ និងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើម។
មន្ត្រីកាំកុងត្រូល បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់ការលាយ បន្ថែមនូវសារធាតុគីមីហាត់ឃាត់ ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕