Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន បក្ខពួកអ្នកបាញ់នៅមជ្ឈមណ្ឌលកម្សាន្ត Rock ២នាក់ ក្រោមការចោទប្រកាន់ពីបទ «ហឹង្សាមានស្ថានទម្ងន់ទោស»

06-12-2017 15:19

(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានសម្រេចឃុំខ្លួន ជនសង្ស័យ២នាក់ ជាបក្ខពួករបស់ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនៅក្នុងមជ្ឈមណ្ឌល ​Rock (រ៉ក) បណ្តាលឱ្យអ្នកចាក់ចម្រៀងម្នាក់រងរបួសធ្ងន់។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ ជនសង្ស័យទាំង២នាក់ពីបទ «ហឹង្សាមានស្ថានទម្ងន់ទោស»។ ក្រោយការសម្រេចនេះ ចៅក្រមស៊ើបសួរបានបញ្ជាឱ្យ សមត្ថកិច្ចយកជនសង្ស័យទាំងពីរទៅឃុំខ្លួនជាបណ្តុះអាសន្ន នៅក្នុងពន្ធនាគារព្រៃស។

បើតាមការអះអាងរបស់សមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់ ដែលជាបក្ខពួកជនបង្កនោះរួមមាន៖ ទី១ឈ្មោះ កែវ ភិរម្យ ភេទប្រុសអាយុ៣៣ឆ្នាំ និងឈ្មោះឡ ពេជ្រសីលា ភេទប្រុស អាយុ៣៥ឆ្នាំ បានត្រូវសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកំពង់ធំ។

សូមជម្រាបថា កាលពីវេលាទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។

សមត្ថកិច្ចបាននិយាយថា ជនបង្កមានឈ្មោះ ឌុច សុវណ្ណារ៉េត​ (ហៅ រិទ្ធញាញ់) ជាកូនប្រុសរបស់ លោក ឌុច​ សុវណ្ណារី​ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច។ ចំណែកជ​នរងគ្រោះមានឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។

ក្រោយកើតហេតុនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួន បក្ខពួកជនដៃដល់២នាក់ខាងលើ ដែលបានរត់គេចខ្លួន ដល់ខេត្តកំពង់ធំ ខណៈដែលជនដៃដល់ក្នុងការបាញ់ប្រហារនេះ នៅមិនទាន់ចាប់ខ្លួន បាននៅឡើយទេ រហូតមកដល់ពេលនេះ៕