(កំពង់ចាម)៖ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២ ព្រមទាំងទាហានក្រោមឱវាទទាំងអស់ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុតចំពោះសម្តីញុះញង់ ម្តងៗហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។
ជាមួយនឹងការប្រតិកម្មនេះ មេបញ្ជាការ និងកងទ័ពទាំងអស់បានផ្តាំទៅលោក សម រង្ស៊ី ថា កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ។
ប្រតិកម្មរបស់យោធភូមិភាគទី២ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនពីសំណាច់ច្បាប់សម្ងំ នៅក្រៅប្រទេស នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧ បានចេញមកអុចអាលជាថ្មីម្តង ឲ្យកងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។
ជាមួយសម្តីខ្លាំងៗពោរពេញដោយកំហឹង មេបញ្ជាការយោធភូមិភាគទី២ បានបញ្ជាក់ប្រាប់ Fresh News នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះថា «ខ្ញុំសូមផ្តាំទៅអាកូនក្បត់ជាតិ អាទណ្ឌិត សម រង្ស៊ី ឯងត្រូវដឹងឲ្យច្បាស់ពីសារបានរបស់កងទ័ពកម្ពុជា។ កងទ័ពទាំងអស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីតស៊ូរំដោះប្រទេសជាតិចេញពីរបបវាលពិឃាត គ្រប់កាលៈទេសៈសម្តេចតេជោ ហ៊ុន សែន ដែលជាមេបញ្ជាការផុតលេខរបស់កម្ពុជា ដូច្នេះកងទ័ពទាំងអស់បានបូជាជីវិត ដើម្បីការពាររាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ទោះបីក្នុងកាលៈទេសៈក៏ដោយ»។
មេបញ្ជាការបានចាត់ទុកការចេញមកអំពាវនាវម្តងហើយម្តងទៀតរបស់ទណ្ឌិត សម រង្ស៊ី ឲ្យកងទ័ពក្រោកប្រឆាំងសម្តេចតេជោ ហ៊ុន សែន ថា ជាទង្វើញុះញង់ ដើម្បីបង្កចលាចលក្នុងប្រទេស និងនាំទៅរកភាពវឹកវរក្នុងប្រទេស ដែលជាទម្លាប់ក្រុមក្បត់ជាតិចូលចិត្តប្រើ។
លោកបានបញ្ជាក់បន្ថែមថា «ទង្វើរបស់ទណ្ឌិតរូបនេះ [លោក សម រង្ស៊ី] មិនខុសពីឪពុករបស់ខ្លួននោះទេ។ នេះជាទង្វើដែលក្រុមជនក្បត់ជាតិចូលចិត្តប្រើ ដើម្បីឈានទៅសម្រេចមហិច្ឆតារបស់ខ្លួន។ តែជោគវាសនា របស់ សម រង្ស៊ី ក៏មិនខុសពីឪពុករបស់គេនោះឡើយ ទីបំផុតគេនឹងជួបមានវាសនាដូចឪពុករបស់ខ្លួន គឺរត់គេចពីសំណាញ់ច្បាប់ ហើយក៏ត្រូវចោលឆ្អឹងនៅស្រុកគេ»។
មេបញ្ជាការយោធភូមិភាគទី២រូបនេះ ក៏បានផ្តាំបន្ថែមទៅលោក សម រង្ស៊ី បើក្លាហានខ្លាំងសូមអញ្ជើញចូលស្រុក មកទទួលទោសតាមច្បាប់សិនទៅ មុននឹងឈានទៅនិយាយដល់រឿងដទៃ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញមកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕