(សៀមរាប)៖ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យលោក Du Lingxin ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋបាលតំបន់ Xicheng ទីក្រុងប៉េកាំងប្រទេសចិន បានជួបសំណេះសំណាលការងារ ដើម្បីសហប្រតិបត្តិការលើវិស័យបេតិកភណ្ឌ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបេតិកភណ្ឌនៃស្ថាប័នទាំងពីគឺ រមណីយដ្ឋានអង្គរដែលជាសម្បត្តិ បេតិកភណ្ឌពិភពលោករបស់កម្ពុជា និងតំបន់រដ្ឋបាលXicheng នៃទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលជាតំបន់បុរាណ សំបូរទៅដោយសំណល់ប្រវត្តិសាស្ត្រ  និងជាកន្លែងប្រមូលផ្តុំដោយតឹកតាងបុរាណវិទ្យាគ្រប់ប្រភេទនៃប្រទេសចិន។

ឆ្លងតាមការពិភាក្សានេះ កិច្ចព្រមព្រៀងផ្លូវការមួយអាច នឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ ដែលនឹងគ្រប់ដណ្តប់លើការ សិក្សាស្រាវជ្រាវរួមគ្នា ការផ្លាស់ប្តូរបទពិសោធន៍លើការងារអភិរក្សបេតិកភណ្ឌ សកម្មភាពជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការងារយូរអង្វែង៕