(ភ្នំពេញ)៖ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូក្រសួងយុតិ្តធម៌ ចូលរួមវេទិកាជួបជំុអ្នកច្បាប់ និងវេទិកាច្បាប់ចិន-អាស៊ាន ដែលរៀបចំទ្បើងដោយ សមាគមច្បាប់ចិន (China Law Society) នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ។
វេទិកាច្បាប់ចិន-អាស៊ាន ត្រូវបានរៀបចំទ្បើង ដោយមានការចូលរួមពីសំណាក់មន្ត្រី ជាន់ខ្ពស់រដ្ឋាភិបាល ស្ថាប័នតុលាការ សមាគមច្បាប់អាស៊ាន អ្នកជំនាញការច្បាប់អន្តរជាតិនិងជាតិ ជាច្រើនរូប មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រីក និងពង្រឹង នូវកិច្ចសហប្រតិបតិ្តការលើវិស័យច្បាប់ឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ រវាងប្រទេសជាសមាជិកអាស៊ាន និងចិន តាមរយ:កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ និងធ្វើបទបង្ហាញលើប្រធានបទ សំខាន់ៗ ពាក់ព័ន្ធនឹង: ១-កិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍលើវិស័យច្បាប់ពាណិជ្ជកម្ម-វិនិយោគ ២-យន្តការការការពារនិង កិច្ចសហប្រតិបតិ្តការវិស័យច្បាប់ ៣-យន្តការផ្លាស់ប្តូរព័ត៌មានក្នុងវិស័យច្បាប់។
ការថ្លែងក្នុងឱកាសបើកវេទិកានេះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានកំពុងយកចិត្តទុកដាក់ និងជំរុញយ៉ាងសកម្ម ក្នុងការរៀបចំទាំងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងយន្តការ ផ្សេងៗ ដើម្បីធានាឲ្យបាននូវបរិយាកាសពាណិជ្ជកម្ម វិនិយោគមួយដ៏ល្អប្រសើរ សម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ។
តំណាងឲ្យស្ថាប័នច្បាប់ និងយុត្តិធម៌នៃបណ្តាប្រទេសអាស៊ានទាំងអស់ លោក អង្គ វង្ស វឌ្ឍានា ក៏បានជួបពិភាក្សាការងារជាមួយប្រធានសមាគមច្បាប់ចិន ដើម្បីពិនិត្យលទ្ធភាពលើការពង្រឹង កិច្ចសហប្រតិបតិ្តការវិស័យច្បាប់ផងដែរ។ ជាលទ្ធផល ភាគីចិន បានស្វាគមន៍យ៉ាងកក់ក្តៅក្នុង ការជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅថែមទៀតក្នុងវិស័យច្បាប់ ជាមួយបណ្តា ប្រទេសអាស៊ាន ជាពិសេសជាមួយកម្ពុជា៕