(ហ្សាការតា)៖ នាយកមជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ ប្រចាំកោះបាលី នៃប្រទេសឥណ្ឌូណេស៊ី លោក អ៊ីកដេ ម៉េដ (Igde Made) បានបង្ហាញពីបំណងចង់សហការជាមួយរដ្ឋាភិបាលចិន ក្នុងកិច្ចការពារ និងប្រកាសអាសន្នពីគ្រោះមហន្តរាយ បង្កឡើងដោយបន្ទុះភ្នំភ្លើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៦ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងនៅប្រាប់ ស៊ីនហួរ លោក Igde Made បានបញ្ជាក់ដែរថា ប្រព័ន្ធប្រកាសអាសន្ន សម្រាប់តាមដានសកម្មភាពភ្នំភ្លើង Agung ពិតជាត្រូវការធ្វើបច្ចុប្បន្នភាពឡើងវិញ ហើយលោក ថាឥណ្ឌូណេស៊ីស្វាគមន៍ចិន ចូលរួមក្នុងការកិច្ចការអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រកាសអាសន្នពីបន្ទុះភ្នំភ្លើង នៃមជ្ឈមណ្ឌលរបស់លោក។ ប៉ុន្តែ លោក Made ក៏បានអះអាងដែរថា ការប្រមូលទិន្នន័យ ឬព័ត៌មានដោយដៃពីឧបករណ៍តាមដានបច្ចុប្បន្ន ដែលតម្លើងនៅក្បែរភ្នំភ្លើង គឺជារឿងមួយប្រកបដោយគ្រោះថ្នាក់។
គួរបញ្ជាក់ថា បើតាមមន្ត្រីឥណ្ឌូណេស៊ី គិតចាប់តាំងពីប្រព័ន្ធប្រកាសអាសន្ន ត្រូវបានតម្លើងកាលពីចុងខែកញ្ញាមក អាជ្ញាធរកោះបាលីបានជម្លៀសប្រជាជន ៦០,០០០នាក់ ចេញពីតំបន់ភ្នំភ្លើងផ្ទុះ ក៏ដូចជាសាងសង់តង់ស្នាក់នៅបណ្ដោះអាសន្នចំនួន ២១៤ នៅតាមតំបន់ចំនួន១០៕