(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា បើទោះបីអវត្តមានអតីតគណបក្សសង្គ្រោះជាតិ ចូលរួមក្នុងការបោះឆ្នោតទៀតនោះ ក៏ដំណើរការបោះឆ្នោតនៅកម្ពុជានៅតែបន្ដដំណើរការដដែល ជាក់ស្ដែងទាំងការបោះឆ្នោតជ្រើសសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «វិធានប្រកួតតាមរយៈលទ្ធិប្រជាធិបតេយ្យ វាមិនខុសពីប្រកួតនៃកីឡានោះទេ សូមស្ដាប់ឲ្យច្បាស់ប្រទេសកម្ពុជាអត់ពីអ្នក ប្រទេសកម្ពុជាក៏នៅតែចាត់តាំងការបោះឆ្នោត នៅថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ជ្រើសតាំងព្រឹទ្ធសភា នឹងនៅតែធ្វើការបោះឆ្នោតរដ្ឋសភា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ទោះបីអ្នកចូល ឬមិនចូលរួម វាជារឿងរបស់អ្នក»។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេច បន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១៥,០០០នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បន្ថែមពីនេះ ជុំវិញដំណើរលទ្ធិប្រជាធិបតេយ្យសេរីពហុ ត្រូវបានសម្ដេចតេជោនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ការប្រកួតដំណើរការនេះ ក៏មិនខុសពីការប្រកួតកីឡានោះទេ ទោះបីអវត្តមានក្រុមណាមួយនោះ ក៏គេមិនអាចរុះរើសពហុកីឡដ្ឋានចោលនោះទេ ជាក់ស្ដែងនៅមានក្រុមជាច្រើនទៀត ដែលនឹងត្រូវចូលរួមប្រកួត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឧទាហរណ៍មកប្រាប់បន្ថែមថា ដូចជាកីឡាប្រដាល់ជាដើម ប្រសិនបើវៃខុសបច្ចេកទេស នឹងត្រូវអាជ្ញាកណ្ដាលពិន័យ កាត់ក្រហមបញ្ឈប់ឲ្យប្រកួត ហើយបើនិយាយពីបាល់ទាត់វិញ ប្រសិនបើលេងខុស ហើយបើកាន់តែខុសខ្លាំងទៀតនោះ នឹងពិន័យឲ្យឈប់មួយរយៈ ហើយអាចនឹងឈានទៅដល់ការបញ្ឈប់ឲ្យប្រកួតរហូតក៏មាន ប៉ុន្ដែពហុកីឡដ្ឋានមួយនោះមិនបានរុះរើសចោលដោយសារ ក្រុម១ ឬ២ មិនបានចូលរួមប្រកួតនោះទេ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្រ្គោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់របស់កម្ពុជា។
ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕