(ភ្នំពេញ)៖ លោក កែ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី ជាអ្នកបញ្ជាប់កិច្ចសន្ទនានយោបាយជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយខ្លួនឯង មិនមែនគណបក្សកាន់អំណាច ជាអ្នកបញ្ចប់នោះទេ សូមស្រាវជ្រាវពីអតីតកាលឲ្យបានច្បាស់សិន។
លោក កែ រ៉េមី ថ្លែងបញ្ជាក់យ៉ាដូច្នេះ ក្នុងឱកាសលោកជួបពីភាក្សាការងារជាមួយលោក Francois Croquette ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស នៃក្រសួងការបរទេសបារាំង និងលោកស្រី Eva Nguyen-Binh ឯកអគ្គរដ្ឋទូបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ នៅទីស្តីការគណៈកម្មាធិការសិទ្ធិកម្ពុជា ដោយមានការចូលរួមពីសំណាក់មន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
លោក កែ រ៉េមី បានបន្តថា «រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានខិតខំប្រឹករក្សាកិច្ចសន្យាជាមួយទណ្ឌិត សម រង្ស៊ី ដែលកាលនោះជាអតីតប្រធានគណបក្សប្រឆាំង។ ប៉ុន្តែទណ្ឌិត សម រង្ស៊ី ខ្លួនឯងទេ ជាអ្នកមានសន្តានចិត្តមិនល្អ មិនស្មោះត្រង់ ជាមួយកិច្ចសន្ទនានោះទៅវិញ។ សម្តេចតេជោធ្លាប់កាន់ដៃគ្នាជាមួយទណ្ឌិត សម រង្ស៊ី ទៅអង្គរសង្រ្កាន្តនៅសៀមរាប បរិភោគអាហារជុំគ្នាជាមួយក្រុមគ្រួសារ សម្តេចតេជោ និងក្រុមគ្រួសារទណ្ឌិត សម រង្ស៊ី កន្លងមក»។
លោក កែ រ៉េមី បានបញ្ជាក់ថា សូមភាគីបារាំងក្រឡេកទៅមើលអតីតកាលផង កាលណោះទណ្ឌិត សម រង្ស៊ី ជាអតីតប្រធានសភាគតិច មានតួនាទីស្មើនាយករដ្ឋមន្ត្រីផង នេះក៏ដោយសារតែ មានកិច្ចសន្ទនា។ «បែរជាទណ្ឌិត សម រង្ស៊ី ចេញទៅក្រៅប្រទេស បានផ្តល់បទសម្ភាសន៍ ជាមួយការសែតបរទេសទៅវិញថា ចង់ចាប់ខ្លាទាល់តែចូលរុន្ធខ្លា ដូច្នេះមានន័យថា ការចូលមកសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន គឺចង់ចាប់សម្តេចមែនទេ?»។
ប្រធានសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ទៀតថា ទណ្ឌិត សម រង្ស៊ី ចូលមកសន្ទនានេះ មិនមែនមានចិត្តចង់រកសន្តិភាពជូនជាតិ មាតុភូមិ ស្ថិរភាព បន្តការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជានោះទេ គឺទណ្ឌិត សម រង្ស៊ី បានរៀបចំឧបាយកល មិនតែប៉ុណ្ណោះធ្លាប់ សម្ភាសន៍ជាមួយសារព័ត៌មានបទេសថា បាយដែលគាត់ហូបជាមួយក្រុមគ្រួសារសម្តេចតេជោ នេះដោយសារតែសម្តេចនាយករដ្ឋមន្ត្រីខ្លាចចាញ់ឆ្នោត ដូច្នេះហើយបានរៀបចំពិធីនេះតែម្តងទៅ៕