(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំកម្មករ-កម្មការិនី នៅទូទាំងប្រទេសកម្ពុជាទាំងអស់ កុំឲ្យនាំគ្នាតវ៉ាបិទផ្លូវនៅពេលពួកគេ មានបញ្ហាអ្វីមួយ។ សម្តេចតេជោមានប្រសាសន៍ថា ការតវ៉ាបិទផ្លូវបែបនេះ គឺនាំឲ្យប៉ះពាល់ខ្លាំងដល់អ្នកធ្វើដំណើរនៅតាមផ្លូវសាធារណៈ ជាពិសេស គឺបងប្អូនប្រជាពលរដ្ឋ ដែលមានការប្រញាប់អ្វីមួយ ដូចជាអ្នកជំងឺត្រូវសង្គ្រោះ ឬ ស្ត្រីត្រូវឆ្លងទន្លេជាដើមនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់កម្មករ-កម្មការិនី មិនត្រូវជឿពាក្យញុះញង់របស់មនុស្ស២ ឬ៣នាក់ ហើយធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់រយនាក់ឡើយ។ សម្តេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាល បានព្យាយាមដោះស្រាយ និងសម្រួលកិច្ចការទាំងឡាយតាមក្របខណ្ឌការងាររបស់ព្រះរាជាណាចក្រកម្ពុជា។
សំណើ និងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «នៅថ្ងៃនេះពូ សូមដល់ក្មួយៗ កម្មករ កម្មារិនីនៅទីនេះ ក៏ដូចជា កម្មករ កម្មការិនី នៅតាមរោងចក្រទូទាំង ប្រទេសទាំងអស់ ក្មួយៗអាចមានសិទ្ធិនឹងមិនពេញចិត្តជាមួយរឿងនេះ រឿងនោះ ជាក្របខណ្ឌរួម ឬដោយឡែក នៅតាមរោងចក្រ ឬ កន្លែងធ្វើការរបស់ក្មួយៗ។ ប៉ុន្តែអ្វីដែលក្មួយៗ ត្រូវជៀសវាង គឺក្មួយៗ មិនត្រូវធ្វើជាឧបសគ្គសម្រាប់ប្រជាជនដូចគ្នានោះទេ ដូចជាប៉ុន្មនាថ្ងៃមុននេះ គ្រាន់តែផ្ញើលថាមានការដូរថៅកែ នៅរោងចក្រមួយនោះ ស្រាប់តែនាំគ្នា ទៅបិទផ្លូវ។ រឿងបិទផ្លូវនេះ ជារឿងខុសច្បាប់ រឿងខុសច្បាប់ជារឿងមួយហើយ តែរឿងទឹកចិត្តជាមួយប្រជាពលរដ្ឋជារឿងមួយទៀត»។
សម្តេចបន្តថា «មនុស្ស២ ឬ៣នាក់ ដែលញុះញង់ឲ្យក្មួយៗទៅបិទផ្លូវ វាមិនមែនគ្រាន់តែជាការបំផ្លាញថៅកែរោងចក្រនោះទេ វាក៏បំផ្លាញដល់ប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវ មានការកកស្ទះ និងអ្នកដទៃទៀត ដែលទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ផ្លូវ។ រឿងនេះ យើងបានស្នើសុំឲ្យសម្រួល កិច្ចការទាំងឡាយតាមក្របខណ្ឌការងារ តែក្មួយៗ ក៏មិនត្រូវស្តាប់ការញុះញង់ មនុស្ស២ឬ៣នាក់ ឲ្យក្មួយៗ ៤ ទៅ៥០០នាក់ បិទផ្លូវរឿងទាក់ទងនឹងការដូរថៅកែ»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើបន្ថែមឲ្យបងប្អូនកម្មករ-កម្មការិនី រក្សាសុខសុវត្ថិភាព និងស្ថេរភាពសុវត្ថិភាពការងារឲ្យបាន ហើយកុំឲ្យកើតមានបងតូចបងធំនៅតាមរោងចក្រ មានជើងកាងនៅតាមរោងចក្រ និងក្រុមគ្រឿងញៀន នៅតាមរោងចក្រ ហើយត្រូវបន្តខិតខំរួមចំណែក ដើម្បីធ្វើឲ្យមានសុវត្ថិភាពនៅក្នុងរោងចក្រ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ក្រុមកម្មករ-កម្មការិនីរោងចក្រ EVC ម៉េងដាហ្វូតវៀរជាច្រើននាក់ បាននាំគ្នាផ្លូវតវ៉ា និងបិទផ្លូវវ៉េងស្រេង ដែលនាំឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង រហូតកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់បាន ចុះទៅជួយអន្តរាគមន៍ ដើម្បីបើកផ្លូវឡើងវិញ។
ការតវ៉ារបស់កម្មករ កម្មការិនី ដើម្បីទាមទារបញ្ហា ៥ចំណុច ពីថៅកែរោងចក្រ រួមមាន៖ ទី១៖ លុយ៥%, ទី២៖ លុយអតីតភាពការងារ, ទី៣៖ លុយដំណាច់ឆ្នាំ, ទី៤៖ លុយជូនដំណឹង និងទី៥៖ លុយជំងឺចិត្ត៕