(ស្ទឹងត្រែង)៖ ក្រុមមន្ត្រីជំនាញសាខាកាំកុងត្រូល និងមន្ទីពាណិជ្ជកម្មខេត្តស្ទឹងត្រែង បានសហការគ្នាដឹកនាំដោយលោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូល បានចុះធ្វើការណែនាំដល់ អាជីវករ និងបានត្រួតពិនិត្យរកទំនិញខូចគុណភាព ទំនិញដែលមានសារធាតុគីមីជាច្រើន តូបស្តង់លក់ និងតូបតាមផ្ទះរកមិនឃើញមានសាធាតុគីមី និងទំនិញហួសថ្ងៃផុតកំណត់ដោយ អ្នកលក់ដូរនៅទីនោះភាគច្រើន មានការយល់ដឹងច្រើនពីទំនិញ ទិញនៅលើទីផ្សារបច្ចុប្បន្ន។
ការចុះត្រួតពិនិត្យ និងពង្រឹងចំណេះដឹងលើបញ្ហាទំនិញហួសគុណភាព និងរកសារធាតុគីមីខាងលើនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចអូរពងមាន់ ក្នុងភូមិរាជានុកូលសង្កាត់ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
កញ្ញា សៀវម៉ី ជាអ្នកលក់ដូរនៅចំនុចខាងលើ មានវ័យជាង២០ឆ្នាំ បានលើកឡើងថា កញ្ញាមានក្តីសោមនស្សរីករាយ នៅគ្រាដែលក្រុមមន្ត្រីជំនាញ បានចុះទៅត្រួតពិនិត្យលើទំនិញ និងពន្យល់អ្នកលក់ដូរ ឲ្យបានដឹងពីសារប្រយោជន៍ ក្នុងទិញលក់ឥវ៉ាន់នៅក្នុងតូបរបស់ខ្លួនជៀសវាងប្រើប្រាស់ ឬហូបចំណីអាហារបណ្តាលឲ្យប៉ះពាល់ដល់សុខភាពអ្នកទិញ។
កញ្ញាបន្តថា មុននិងដាក់ឥវ៉ាន់ឬទំនិញចូល ក្នុងតូបកញ្ញាក៏បានត្រួតពិនិត្យលើទំនិញ និងចំណីអាហារមុនផងដែរ តែបើមានសារធាតុគីមី និងផុតកំណត់កាលបរិច្ឆេទ កញ្ញាមិនទិញ លក់ដាក់ក្នុងតូបឡើយ។
លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដោយមានការគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានលោកបានធ្វើការណែនាំ និងពន្យល់ដល់អ្នកលក់ដូរឲ្យទិញទំនិញប្រើប្រាស់ ដែលគ្មានសារធាតុគីមីនិងទំនិញមិនឲ្យហួសថ្ងៃខែផុតកំណត់ឡើយ។
លោកថា អាជីវករជាអ្នកលក់ដូរនៅចំនុចខាងលើ ភាគច្រើនមានការយល់ដឹងច្រើន ហើយក្រោយការពិនិត្យ រកមិនឃើញមានបញ្ហាពាក់ព័ន្ធ និងសារធាតុគីមីឡើយ៕