(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងអំពាវនាវដល់គ្រប់ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនានា ដែលរួមមានធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងប្រទេស ដែលបានផ្តល់ប្រាក់កម្ចីឲ្យកម្ពុជា សូមកុំដំឡើងអត្រាការប្រាក់ឲ្យសោះ ព្រោះកម្ពុជាមិនទាន់ឆ្លងផុតការលំបាក និងភាពក្រីក្រនៅឡើយនោះទេ។
ការថ្លែងអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងនាឱកាសដែលសម្ដេចអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើសិនវាជាព័ត៌មានពិតវាជាការចំអកមួយដល់អ្នកដែលនិយាយថា ប្រជាជនកម្ពុជាគ្មានបាយហូប ដែលនេះជារឿងមួយ។ រឿងមួយទៀត បើជាការពិត ខ្ញុំសូមយកឱកាសនេះ អំពាវនាវដល់ស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិនានា ដែលមានដូចជាធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាស៊ី ប្រទេសដែលឲ្យបា្រក់កម្ចីមកកាន់កម្ពុជា សូមកុំដំឡើងអត្រាការប្រាក់ឲ្យសោះ កម្ពុជាមិនទាន់ឆ្លងផុតពីស្ថានភាពដ៏លំបាក ដែលត្រូវមានអត្រាការប្រាក់ពាណិជ្ជកម្មឲទេ។ កម្ពុជានៅបន្ដដើម្បីស្នើសុំឲ្យមានអត្រាការប្រាក់សម្បទាន (ការប្រាក់ទាប) ដែលយើងខ្ចីពីគេ យើងមិនទាន់អាច មានលទ្ធភាព ដើម្បីខ្ចីតាមរយៈនៃអត្រាការប្រាក់ពាណិជ្ជកម្មនៅឡើយ ព្រោះប្រទេសដែលរួចចាកផុតពីភាពក្រីក្រ គឺត្រូវទទួលនូវលក្ខខណ្ឌមួយផ្សេងទៀត ជំនួយក៏បាត់ ខ្ចីប្រាក់គេការប្រាក់ក៏កើនឡើង»។
សូមបញ្ជាក់ថា ការថ្លែងអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្ដីបែបនេះធ្វើឡើង បន្ទាប់ពីមានការវាយតម្លៃ ពីធនាគារពិភពលោកថា ប្រទេសកម្ពុជាបានចាក់ផុតពីភាពក្រីក្រ មានន័យថា ប្រទេសដែលបានចាកចេញពីភាពក្រីក្រនេះ នឹងអាចធ្វើឲ្យបណ្ដាធនាគារអន្ដរជាតិនានា រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុអន្តរជាតិ អាចនឹងដំឡើងអត្រាការប្រាក់ នៅពេលផ្តល់ប្រាក់កម្ចីឲ្យកម្ពុជានោះ។
សូមជម្រាបថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា រយៈពេល១០ឆ្នាំចាប់ពីឆ្នាំ២០០៥ ដល់ ២០១៥ ADB បានផ្តល់ឥណទាន និងបរិញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន១.៤ពាន់លានដុល្លារ ដែលផ្តោតលើការផ្គត់ផ្គង់ទឹក និងអនាម័យទីក្រុង ការអប់រំ កសិកម្ម និងធនធានធម្មជាតិ ដែលរាប់បញ្ចូលផងដែរនូវគម្រោងធារាសាស្ត្រ៕