(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធនឹងករណី ជួញដូរនិងប្រើប្រាស់គ្រឿងញៀន នៅចំនុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ និងវត្ថុតាងមួយចំនួន។

អធិការនគរបាលខណ្ឌដូនពេញ លោក ហួត ចាន់យ៉ារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើនេះ រួមមាន​៖ ទី១៖ ឈ្មោះ ស៊ិន ឧត្តម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ ទី២៖ ឈ្មោះ យ៉ាត ឆៃយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ និងទី៣៖ ឈ្មោះ ហេង ចាន់ដាវីន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ។

លោកអធិការបានបន្ដទៀតថា ក្នុងនោះ​ដកហូតវត្ថុតាងបានរួមមាន៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៨កញ្ចប់តូច, ទូរស័ព្ទដៃចំនួន៤គ្រឿង, ជញ្ជឹងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើនេះ កំពុងឃាត់ខ្លួន និងរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕