(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា មិនត្រឹមតែពលរដ្ឋខ្មែរដែលបានប្រព្រឹត្តទោសនៅអាមេរិកនោះទេ ដែលត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញ សូម្បីតែពលរដ្ឋដែលទៅរស់នៅដោយខុសច្បាប់ នៅលើទឹកដីអាមេរិកក្រោយឆ្នាំ១៩៩៤ ក៏អាមេរិកកំពុងពិចារណាបញ្ជូនមក ប្រទេសកម្ពុជាវិញផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសទទួលរាល់ពលរដ្ឋខ្មែរដែលអាមេរិកបញ្ជូនត្រឡប់មកវិញ និងស្នើដល់ពលរដ្ឋខ្មែរឲ្យឈប់ប្រថុយប្រថាន ទៅរស់នៅសហរដ្ឋអាមេរិក។

ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នឹងការចរចាជាមួយភាគីអាមេរិក ហើយនឹងឈានដល់កិច្ចព្រមព្រៀងថ្មីមួយ ដើម្បីទទួលពលរដ្ឋខ្មែរដែលទៅរស់នៅសហរដ្ឋអាមេរិក ដោយខុសច្បាប់ក្រោយឆ្នាំ១៩៩៤។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែឥឡូវនេះខាងភាគីអាមេរិក ក៏បានស្នើឲ្យយើងទទួលយកជនជាតិកម្ពុជា ដែលបានទៅរស់នៅសហរដ្ឋអាមេរិកក្រោយឆ្នាំ១៩៩៤ថែមទៀត។ បងប្អូនខ្មែរយើងដែលទៅរស់នៅអាមេរិកក្រោយឆ្នាំ១៩៩៤ ឥឡូវអាមេរិក គេចង់បញ្ជូនត្រឡប់មកវិញ ខ្ញុំបានប្រាប់សម្តេចក្រឡាហោម ស ខេង ថា យើងត្រូវពិចារណាហើយអាចឈានដល់កិច្ចព្រមព្រៀងមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកបងប្អូន យើងមកកាន់មាតុប្រទេសវិញ»

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជានឹងទទួលរាល់ពលរដ្ឋខ្មែរទាំងអស់ ដែលអាមេរិកបញ្ជូនមកវិញ ដោយមិនត្រូវឲ្យពលរដ្ឋខ្មែរត្រូវរងគ្រោះដោយការមិនទទួលយកហើយត្រូវអាមេរិកបញ្ជូនឲ្យទៅនៅតាមកោះដាច់ស្រយាលនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវត្រៀមខ្លួនទទួលយកបងប្អូនទាំងនោះត្រឡប់មកវិញ សូមឲ្យក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងផ្នែកពាក់ព័ន្ធត្រូវធ្វើការសិក្សា និងពិភាក្សាជាមួយសហរដ្ឋអាមេរិក ដើម្បីធានាថា អ្នកទាំងនោះមិនត្រូវបញ្ជូនទៅតំបន់កោះ ឬដាក់នៅលើកោះនេះ កោះនោះ»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យសហរដ្ឋអាមេរិកពិចារណាលើការផ្តល់ថ្លៃសម្រាប់ការដឹកជញ្ជូន និងការរស់នៅដំណាក់កាលដំបូងរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានបញ្ជូនមកវិញនោះ ដើម្បីធានាដល់ការរស់នៅរបស់ពួកគេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរកុំឲ្យបន្តប្រថុយប្រថាន ទៅរស់នៅសហរដ្ឋអាមេរិក ដែលនឹងប្រឈមការចាប់បញ្ជូនត្រឡប់មកវិញ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្នកម្ពុជា-អាមេរិក មានកិច្ចព្រមព្រៀងជាមួយគ្នាក្នុងការទទួលយកប្រជាពលរដ្ឋខ្មែរដែល ទៅរស់នៅ អាមេរិកក្នុងអំឡុង ទសវត្សរ៍ឆ្នាំ៧០-៨០ ហើយបានប្រព្រឹត្តទោសនៅទីនោះ។ បច្ចុប្បន្នមន្ត្រីខ្មែរកំពុងសម្ភាសន៍ ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលត្រូវបញ្ជូនត្រឡប់មកវិញ ខណៈអ្នកមួយចំនួនកំពុងសម្រាកព្យាបាលជំងឺសិន។

បើតាមសម្តេចតេជោ ហ៊ុន សែន មកទល់ពេលបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកប្រមាណជា ៦០០នាក់ហើយ ត្រូវបានបញ្ជូនត្រឡប់ មកប្រទេសកម្ពុជាវិញ។ នាពេលកន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានស្នើអាមេរិកធ្វើការ ប្រែលើលក្ខខន្តិកៈមួយចំនួនលើកិច្ចព្រមព្រៀង ស្តីពីការបញ្ជូនពលរដ្ឋខ្មែរនេះ ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន មិនចង់ឃើញពលរដ្ឋខ្មែរអាមេរិកត្រូវបញ្ជូន មកស្រុកខ្មែរនាំឲ្យមានការ ព្រាត់ប្រាស់ពីគ្រួសារនោះទេ។

តែទោះជាយ៉ាងណាសំណើនេះមិនត្រូវបានទទួលដោយសហរដ្ឋអាមេរិកនោះឡើយ៕