(ភ្នំពេញ)៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវីនៅ ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្រតិកម្មយ៉ាងខ្លាំងក្លាបំផុត ចំពោះសម្តីញុះញង់ម្តងៗហើយម្តងទៀត របស់ទណ្ឌិត សម រង្ស៊ី ដែលតែងបំផុសឲ្យកងទ័ពក្រោកតវ៉ាប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយនឹងការប្រតិកម្មនេះ កម្លាំងយោធាជើងទឹក បានផ្តាំទៅលោក សម រង្ស៊ី ថា «កងទ័ពទាំងអស់របស់កម្ពុជា ត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដូច្នេះកងទ័ពស្មោះស្ម័គ្រជានិច្ចជាមួយសម្តេចតេជោ ហ៊ុន សែន ទោះពួកគេត្រូវពលីជីវិតក៏ដោយ»

កងទ័ពជើងទឹកទាំងអស់ សូមប្រកាសថា «ពួកយើងជាកងទ័ពជើងទឹក សូមប្រកាសថ្កោលទោសដាច់ខាត ចំពោះទង្វើ និងការញុះញង់របស់ សម រង្សី និង ប្តេជ្ញាដាច់ខាតគោរព និងការពាររាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងញុះញង់ បំបែកណាមួយពីទណ្ឌិត សម រង្សី និងបក្សពួក ទោះជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ»

ប្រតិកម្មនេះបន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងរត់គេចខ្លួន ពីសំណាច់ច្បាប់សម្ងំនៅក្រៅប្រទេសនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ បានចេញមកអុចអាលជាថ្មីម្តងឲ្យ កងទ័ពបញ្ឈប់ការគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥។

សូមបញ្ជាក់ថា លោក សម រង្ស៊ី តែងចេញញុះញង់ឲ្យកងទ័ពបះបោរប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន តែរាល់ការញុះញង់នោះ តែត្រូវបានកងទ័ពកម្ពុជាចេញ មកប្រតិកម្មវិញយ៉ាងផុលផុសផងដែរ៕