(ព្រះវិហារ)៖ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាប្រគល់ជំនួយជូន មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ សម្រាប់គម្រោងធ្វើផ្លូវឲ្យប្រសើរឡើងវិញ ស្ថិតក្នុងឃុំរមទម ស្រុករវៀង។
ក្នុងឱកាសដ៏រំភើបរីករាយក្រៃលែងនេះ ដែលធ្វើឡើងនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ លោកអភិបាលស្រុករវៀង លោកជំទប់ឃុំរមទម លោកមេភូមិស្វាយដំណាក់ និងមន្ត្រី ជាច្រើននាក់ផ្សេងទៀតបានអញ្ជើញចូលរួមផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានសំដែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេជប៉ុន ដែលតែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជា ជាពិសេសជំនួយគូសាណូណិ។
លោកប្រធានមន្ទីរបានថ្លែងទៀតថា ជំនួសមុខឲ្យក្រុមប្រឹក្សា និងអាជ្ញាធរខេត្តព្រះវិហារ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា តាមរយ:ការផ្តល់ជំនួយឥតសំណងយ៉ាងច្រើន សំរាប់ការស្ដារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដល់ព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ប្រទេសជប៉ុន បានគាំទ្រចំពោះការអភិវឌ្ឍន៍មូលដ្ឋាន ភូមិ-ឃុំ ក្រោមជំនួយគូសាណូណិជាដើម គឺសំដៅដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅតំបន់ដាច់ស្រយាលយ៉ាងមានប្រសិទ្ធភាព ស្របតាមគោលនយោបាយដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក សំ លាងទ្រី មានសង្ឃឹម និងជឿជាក់ថា «រដ្ឋាភិបាលជប៉ុន នឹងបន្តបង្កើនការជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍន៍មូលដ្ឋានបែបនេះ នៅពេលខាងមុខជាបន្តបន្ទាប់ទៅទៀត។ ទន្ទឹមនឹងការទទួលបាននូវគម្រោងនេះ និងបន្ទាប់ពីការសាងសង់រួច វាពិតជាជួយសម្រួលដល់ជីវភាពប្រជាជន ដោយចំណាយពេលវេលាតិច ក្នុងការធ្វើដំណើរទៅកាន់សាលារៀន វត្តអារាម និងមន្ទីរពេទ្យជាដើម ជាពិសេសនោះ វាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ដែលជាយន្តការណ៍ចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជាទៀតផង»៕