(ភ្នំពេញ)៖ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ខៀវ សុភ័គ ប្រធានខុទ្ទកាល័យសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំអកឱ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងពួនសម្ងំនៅក្រៅប្រទេសថា ពុំមានការយល់ជ្រៅពីគណបក្សប្រជាជនកម្ពុជាទាល់តែសោះ ហើយលោកចាត់ទុកថា អ្វីដែលទណ្ឌិត សម រង្ស៊ី លើកឡើងថា មេដឹកនាំ CPP បែកបាក់គ្នានោះ គឺជារឿងគួរឱ្យអស់សំណើច ហើយគ្រាន់តែយុទ្ធសាស្រ្តកំប៉ិកកំប៉ុក ដើម្បីលួងចិត្តសកម្មជនរបស់ខ្លួនដែលកំពុងវឹកវរ ក្រោយរំលាយគណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ។
ការចំអកលើយុទ្ធសាស្រ្តរបស់ លោក សម រង្ស៊ី ពីសំណាក់ខុទ្ទកាល័យសម្តេច ស ខេង នាពេលនេះ បានធ្វើឡើងបន្ទាប់ពី ទណ្ឌិតសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងអួតប្រាប់សមាជិករបស់ខ្លួន នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ថា ក្បាលម៉ាស៊ីនគណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ ទើបមានការរំលាយគណបក្សសង្រ្គោះជាតិ ហើយបំផុសថា មុនរំលាយនេះសម្តេចក្រឡាហោម ស ខេង បានទាក់ទងលោក កឹម សុខា។
លោក ខៀវ សុភ័គ បានថ្លែងថា លោក សម រង្ស៊ី ពេលនេះកំពុងទាល់ច្រក ហើយនិយាយអ្វីដោយរវើរវាយ។ លោកថ្លែងបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏រឹងមាំ ហើយសាមគ្គីភាពរវាងមេដឹកនាំកំពូលៗនេះ បានចាក់ឫសយ៉ាងជ្រៅរាប់សិបឆ្នាំមកហើយ។
លោកបានបន្តថា «បើគ្មានសាមគ្គីភាពខ្លាំងនៅក្នុងផ្ទៃក្នុងបក្សទេ មិនអាចដឹកនាំប្រទេសបានទេ ជាពិសេសមិនអាចរំលាយគណបក្សសង្រ្គោះជាតិបានថែមទៀត ហើយសាមគ្គីភាពនេះ ក៏បានរំលាយទាំងចលនាខ្មែរក្រហមថែមទៀត»។
លោក ខៀវ សុភ័គ បានបញ្ជាក់ទៀតថា អ្វីដែលលោក សម រង្ស៊ី និងក្រុមអ្នកប្រឆាំងងុបងុល មិនបានដឹងនោះ គឺសម្តេចក្រឡាហោម ស ខេង តែម្តង គឺជាអ្នកប្តឹងឱ្យតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ហើយឃាត់ខ្លួនទាំងលោក កឹម សុខា។ សម្តេចបានចាត់តាំងឱ្យប្រមែប្រមូលភស្តុតាង និងឯកសារសកម្មភាពនានា ដែលពាក់ព័ន្ធនឹងអំពើក្បត់ជាតិរបស់គណបក្សសង្រ្គោះជាតិ តាំងពីបង្កើតបាតុកម្ម នៅឆ្នាំ២០១៣ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាម្ល៉េះ។
គិតរហូតដល់ពេលនេះ មានរយៈពេលជាង១ខែហើយ ដែលគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូល បន្ទាប់ពីរកឃើញថា គណបក្សនេះពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ការរំលាយនេះ ធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខា ក្រោយធ្លាយវីដេអូមួយបង្ហាញថា អតីតមេដឹកនាំបក្សប្រឆាំងមួយនេះ បានធ្វើអ្វីៗតាមការបង្គាប់របស់បរទេស ដោយយកគំរូតាមចលនា នៅប្រទេសស៊ែបប៊ី និងយូហ្គោស្លាវី ដើម្បីអនុវត្តនៅកម្ពុជា៕