(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៧នេះ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៥,៧៤២នាក់ មកពីរោងចក្រនានានៅតំបន់អូឌឹម ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ កម្មការិនីទាំងអស់ មកពីរោងចក្រចំនួន១៥រោងចក្រ។
ជំនួបសំណេះសំណាលនៅព្រឹកស្អែកនេះ គឺជាជំនួបសំណេះសំណាលលើកទី២១ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបជាង ២០ម៉ឺននាក់ មកពីរោងចក្រប្រមាណជាង ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបដោយផ្ទាល់របស់សម្តេចជាមួយកម្មករ និយោជិតនេះ មិនមែនជារឿងចៃដន្យនោះឡើយ គឺជាការជួបសំណេះសំណាលមួយ ដើម្បីជំរុញគោលនយោបាយឧស្សាហកម្ម ហើយក៏ដើម្បីដឹងពីសុខទុក្ខរបស់កម្មករ និយោជិត និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេផងដែរ។
តាមរយ:កម្មវិធីសំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានរកឃើញបញ្ហាប្រឈមជាច្រើនរបស់កម្មករ កម្មការិនី ក្នុងការបម្រើការងាររបស់ពួកគេ ហើយក៏បានផ្តល់ដំណោះស្រាយជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវកញ្ចប់អត្ថប្រយោជន៍ជាបន្តបន្ទាប់ដល់បងប្អូនកម្មករ កម្មការិនី ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព ការរក្សា និងបង្កើតការងារជូនកម្មករ និយោជិត ការសម្រួលដល់ការវិនិយោគ ការលើកកម្ពស់ជីវភាពរបស់កម្មករ និយោជិត និងនិយោជក។
កញ្ចប់អត្ថប្រយោជន៍ដែលសម្តេចបានផ្តល់ជូនកម្មករ និយោជិតនោះរួមមាន៖
* អនុញ្ញាតឲ្យកម្មករ និយោជិត មកពីគ្រប់វិស័យជិះរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ ដោយឥតគិតថ្លៃរយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី២០ ខែសីហា ២០១៧ ដល់ ២០ សីហា ២០១៩។
* ចាប់ពីខែមករា ឆ្នាំ២០១៨ ថៅកែរោងចក្រ សហគ្រាស ដែលជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ត្រូវទទួលរ៉ាប់រងរាល់សេវាគាំពារសុខភាពរបស់កម្មករ និយោជិត។ ការសម្រេចថ្មីនេះ ធ្វើឲ្យកម្មករ និយោជិតចំណេញប្រាក់ប្រមាណ ៨,០០០រៀល ទៅ១៣,០០០រៀលក្នុងមួយខែ។
* ចាប់ពីឆ្នាំ២០១៩ កម្មករ និយោជិត មានប្រាក់សោធននិវត្តន៍ដូចមន្រ្តីរាជការ។ ប្រាក់នេះសម្រាប់ជួយដោះស្រាយជីវភាពកម្មករ និយោជិត នៅពេលពួកគេចាស់បម្រើការងារលែងកើត។
* កម្មករ និយោជិត មកពីគ្រប់វិស័យទាំងអស់អាចចូលពិនិត្យ និងព្យាបាលជំងឺក្នុងមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ។
* ចាប់ពីឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាល ក៏នឹងឧបត្ថម្ភថវិកាដល់កម្មការិនីនៅពេលពួកគេសម្រាលកូនផងដែរ។ ក្នុងនោះអ្នកសម្រាលកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល ហើយអ្នកសម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល។
* កម្មការិនីមានផ្ទៃពោះ ត្រូវបានសម្រេចឲ្យចេញមុនម៉ោងធ្វើការយ៉ាងតិច ១៥នាទី ហើយនៅពេលសម្រាលត្រូវបាន អនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ខែ ជាមួយអត្រាប្រាក់ខែ ១២០ភាគរយ។
ជាការកត់សម្គាល់គ្រប់ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយកម្មករ កម្មការិនី ទទួលបានការគោរពស្រឡាញ់ជាខ្លាំងពីសំណាក់កម្មករ កម្មការិនី ហើយពួកគេ ក៏បានព្យាយាមថតរូបជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាអនុស្សាវរីយ៍។ ក្រុមកម្មករ កម្មការិនី បានហៅដំណើរសម្តេចតេជោ ហ៊ុន សែន ចុះជួបពួកគេដោយផ្ទាល់នេះ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការរស់នៅ និងការបម្រើការងាររបស់ពួកគេពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្រុមកម្មករ កម្មការិនី បានចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស ដែលតែងតែផ្សាភ្ជាប់សុខទុក្ខរបស់ ប្រជាពលរដ្ឋជាមួយ រូបសម្តេច។ កម្មករ កម្មការិនី មានជំនឿចិត្តថា តាមរយៈដំណើរចុះដោយផ្ទាល់របស់សម្តេចទៅតាមរោងចក្រ នឹងធ្វើឲ្យវិស័យកាត់ដេរ និងជីវភាពរបស់កម្មករ កម្មការិនីផងដែរ នឹងកាន់តែល្អប្រសើរ៕