(ភ្នំពេញ)៖ ក្រោយសួរចម្លើយ នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧រួចហើយនោះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ ជនសង្ស័យ២នាក់ ជាបក្ខពួករបស់ខ្មាន់កាំភ្លើងដែលបាញ់ប្រហារនៅមជ្ឈមណ្ឌល Rock (រ៉ក)នោះពីបទ «ហឹង្សាមានស្ថានទម្ងន់ទោស»។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យនៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោក លី សុផាណា បានបញ្ជាក់ថា ក្រោយពេលចោទប្រកាន់ហើយនោះ នៅល្ងាចថ្ងៃអង្គារនេះ ជនសង្ស័យទាំងពីរនាក់ ត្រូវបានតំណាងអយ្យការបញ្ជូនទៅចៅក្រមស៊ើបសួរ ប៉ុន្តែចៅក្រមស៊ើបសួរមិនទាន់សម្រេចយ៉ាងណាទេ ដោយរង់ចាំការសាកសួរបន្តនៅថ្ងៃស្អែកនេះ។
សូមជម្រាបថា កាលពីវេលាទាបភ្លឺថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីហិង្សាបាញ់ប្រហារមួយ នៅក្នុងបន្ទប់ខារ៉ាអូខេ នៃមជ្ឈមណ្ឌលកម្សាន្ដ Rock ស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី។
សមត្ថកិច្ចបាននិយាយថា ជនបង្កមានឈ្មោះ ឌុច សុវណ្ណារ៉េត (ហៅ រិទ្ធញាញ់) ជាកូនប្រុសរបស់ លោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ចំណែកជនរងគ្រោះមានឈ្មោះ បៀ សំអឿន អាយុជាង៣០ឆ្នាំ ជា Dj ប្រចាំមជ្ឈមណ្ឌលកម្សាន្ដ Rock ដែលត្រូវរបួសត្រូវកំភួនជើង និងគូទ ក្រោយពីជនដៃដល់បាញ់ចំនួន៤គ្រាប់។
ក្រោយកើតហេតុនេះ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានចាប់ខ្លួន បក្ខពួកជនដៃដល់២នាក់ ដែលបានរត់គេចខ្លួន ដល់ខេត្តកំពង់ធំ ខណៈដែលជនដៃដល់ក្នុងការបាញ់ប្រហារនេះ នៅមិនទាន់ចាប់ខ្លួន បាននៅឡើយទេ រហូតមកដល់ពេលនេះ៕