(ភ្នំពេញ)៖ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍បារាំង ប៉ុស្តិ៍លេខ ៥ ពិភពលោក (TV5 Monde) កាលពីថ្ងៃទី៣ ធ្នូ ទណ្ឌិត សម រង្ស៊ី ស្ងួតជើងធ្មេញ ញ័រមាត់ ស្លេកមុខ ឆ្លើយមិនចេញ ជួនកាលឆ្លើយបានតែប៉ុន្មានម៉ាត់ក្នុងមួយសំណួរ។ ខុសពីរាល់លើកដែលទណ្ឌិតរូបនេះតែងតែក្អេងក្អាង ដូចក្អាត់ក្នុងក្អម ប្រកបដោយអំណួតអួតបានតែពលរដ្ឋខ្មែរដែលមិនសូវបានយល់ដឹងពីធាតុពិតរបស់គាត់ តែដល់ពេលប៉ះអ្នកកាសែតបីនាក់របស់បារាំងអង្គុយចោទសួរ ទណ្ឌិត សម រង្ស៊ី ធ្វើមុខដូចកូនចៀមគួរឲ្យអាណិត។ បើកុំតែស្រុកគេត្រជាក់ម៉្លេះសមបែកញើសប៉ុនៗគ្រាប់ពោតមិនខាន។
មានសំណួរជាច្រើនដែលអ្នកកាសែតបារាំងបានចោទសួរក្នុងន័យដេញទាន់ ជាន់កែងទណ្ឌិត សម រង្ស៊ី ដែលធ្វើឲ្យអ្នកនយោបាយពូកែប្រូរូបនេះស្ទើរតែរកពាក្យ ឆ្លើយដោះសារមិនចង់បាន។ ពាក្យឆ្លើយដោះសារ ទាំងនោះទៀតសោតគ្មានន័យទេសម្រាប់អ្នកកាសែតបារាំង និងជនជាតិបារាំងពីព្រោះចម្លើយទាំងឡាយ របស់គាត់ត្រូវគេយល់ថា ជាការដោះសារ និងនិយាយយករួចខ្លួនឲ្យតែបានវាយប្រហារទៅលើនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្មានមូលដ្ឋានអ្វីទាំងអស់។
សំណួរដែលអ្នកកាសែតបារាំងចោទសួរ ហើយដែលគេចាត់ទុកថា ជាការរំខាន និងជាការបកស្បែកមុខទណ្ឌិតសម រង្ស៊ី នោះមានដូចជា៖ សំណួរថា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គេមិនបានសង្កេតឃើញប្រជាពលរដ្ឋខ្មែរធ្វើបាតុកម្មតវ៉ាប្រឆាំង នឹងសេចក្តីសម្រេចរបស់តុលាការទេ។ នេះមានន័យថា ពលរដ្ឋខ្មែរពេញចិត្តចំពោះការរំលាយបក្សសង្គ្រោះជាតិ ឬក៏ថា ពួកគេលែងគាំទ្របក្សប្រឆាំងទៀតហើយ?
សំណួរបន្ទាប់មកទៀតគឺ បញ្ហារំលាយបក្សប្រឆាំងហាក់មិនស្ថិតក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិទេ។ តើហេតុអ្វីបានជាដូច្នេះ? ត្រង់ចំណុចនេះទណ្ឌិត សម រង្ស៊ី មិនអាចបដិសេធបានទេ ហើយក៏សុខចិត្តទទួលស្គាល់ថា មកពីពិភពលោកមានបញ្ហាធំៗច្រើនដែលសំខាន់ជាងរឿងនយោបាយនៅកម្ពុជា ដូចជារឿងនៅអ៊ីរ៉ង់ អាហ្គានីស្ថាន និងកូរ៉េខាងជើងជាដើម....Sic។
ក្រៅពីនោះ អ្នកកាសែតបារាំងក៏ដេញទាន់ជាន់កែងទណ្ឌិត សម រង្ស៊ី ទាក់ទងរឿងការឃោសនាអំពីរឿងយួនដែលជាការបញ្ឆេះកំហឹងរើសអើងជាតិសាសន៍ផងដែរ។ សូមកត់សម្គាល់ថា នៅអឺរ៉ុប គេស្អប់ណាស់មនុស្សដែលចូលចិត្តនិយាយ ពីការរើសអើងជាតិសាសន៍ដូចទណ្ឌិត សម រង្ស៊ី និងបក្សពួករបស់គាត់។ ហេតុដូច្នេះហើយបានជាទណ្ឌិត សម រង្ស៊ី ពេលនិយាយជាមួយអ្នកកាសែតបរទេស គាត់ព្យាយាមប្រយ័ត្នប្រយែងណាស់ចំពោះបញ្ហានេះ ដោយមិនដែលហ៊ានប្រើភាសារើសអើងជាតិសាសន៍ឲ្យគេលឺទេ ខុសពីភាសាដែលគាត់និយាយជាមួយពលរដ្ឋខ្មែរ។ ទោះជាយ៉ាងនេះក្តី ក៏ភាសារើសអើងជាតិសាសន៍របស់ទណ្ឌិត សម រង្ស៊ី មិនអាចរំលងពីត្រចៀករបស់អ្នកកាសែតបរទេសឡើយ។
ជាក់ស្តែងអ្នកកាសែតបារាំងមកពីកាសែត Le Monde បានតាំងសំណួរយ៉ាងដូច្នេះថា «សម រង្ស៊ី អ្នកឯងនិយាយដូចជាត្រឡប់ត្រឡិនពិបាកយល់។ ពេលឃោសនាបោះឆ្នោតកន្លងទៅ អ្នកឯងនិយាយចោទរដ្ឋាភិបាលភ្នំពេញថា បម្រើវៀតណាម(យួន) ឬលក់ក្បាលឲ្យយួន។ បន្ទាប់មកអ្នកឯងចោទរដ្ឋាភិបាលដដែលថា បម្រើចិន ឬលក់ក្បាលឲ្យចិន។ ខ្ញុំសោកស្តាយ វាដូចជាមិនត្រូវទាល់តែសោះពីព្រោះដូចអ្នកឯងដឹងហើយថា ចិន និងវៀតណាមមិនត្រូវគ្នាទេ។
តើអ្នកឯងចង់និយាយអ្វីឲ្យពិតប្រាកដ? ពេលទណ្ឌិត សម រង្ស៊ី ឆ្លើយដោយទ័លច្រកមិនទាន់រួចពីមាត់ផង សំណួរមួយទៀតបានចោទឡើង «អ្នកឯងចោទរដ្ឋាភិបាលថា បានលក់អង្គរវត្តឲ្យវៀតណាម ចោទជនជាតិវៀតណាមថាមកលួចការងារ លួចទឹកដី ព្រៃឈើកម្ពុជា ជាដើម។ តើភាសារបស់អ្នកឯងមិនមែនជាការញុះញង់ អុជអាលឲ្យមានកំហឹងជាតិសាសន៍ ឬឲ្យមានអំពើហិង្សាខាងជាតិសាសន៍ទេឬ? នៅពេល ទណ្ឌិត សម រង្ស៊ី ខំលាបពណ៌លោកនាយករដ្ឋមន្ត្រីថា កំពុងមានទំនោរទៅរកចិន អ្នកកាសែតបារាំងបានដាក់មួយសំណួរទៀត« តើអ្នកឯងចង់ធ្វើយ៉ាងម៉េចទៅពីព្រោះថា ប្រទេសតូចមួយនៅក្នុងតំបន់មិនអាច ចៀសផុតពីការទោរទន់ទៅរកមហាអំណាចណាមួយបានទេ?» អ្នកកាសែតបារាំងទាំងបីនាក់បានបណ្តាក់គ្នាដេញជើងលោក សម រង្ស៊ី ជាបន្តបន្ទាប់ដោយមិនឲ្យទណ្ឌិតរូបនេះមានឱកាសនិយាយតាមចិត្តដូចដែលគាត់ឡើងវិទ្យុអាស៊ីសេរីនោះឡើយ។
សំណួរបន្ទាប់មកទៀតគឺ «សម រង្ស៊ី រដ្ឋាភិបាលសព្វថ្ងៃដឹកនាំប្រទេសដោយធ្វើឲ្យមានតុល្យភាពជាមួយប្រទេសជិតខាង គឺគ្មានសង្គ្រាមនៅតាមព្រំដែនជាមួយថៃ ក៏ដូចជាតាមព្រំដែនវៀតណាម។ តើនេះមិនមែនជាការត្រឹមត្រូវទេឬ?» នៅពេលទណ្ឌិត សម រង្ស៊ី កំពុងឆ្លើយទាំងទ័លច្រក សំណួរមួយទៀតបន្ថែម៖ «ដោយសារតែប្រទេសកម្ពុជាមានសន្តិភាព និងគ្មានសង្គ្រាម ដូច្នេះហើយបានជាពេលនេះសហគមន៍អន្តរជាតិគេមិនបាននិយាយអ្វីច្រើនពីបញ្ហាកម្ពុជា? មិនអ៊ីចឹង?
ទណ្ឌិត សម រង្ស៊ី ក៏ត្រូវបានចោទសួរអំពីរបៀបធ្វើនយោបាយរត់ចោលស្រុករបស់គាត់ផងដែរ។ សំណួរសួរថា «សម រង្ស៊ី អ្នកឯងតែងកោតសរសើរលោកស្រី អ៊ុង សានស៊ូជី មិនដាច់ពីមាត់។ ដូចអ្នកឯងដឹងស្រាប់ហើយថា លោកស្រី អ៊ុង សានស៊ូជី តស៊ូសុខចិត្តជាប់ពន្ធនាគារ ឬជាប់ឃុំឃាំងក្នុងផ្ទះអស់រយៈពេលយ៉ាងយូរ។ បើអ្នកឯងសរសើរគាត់ ចុះហេតុអីបានជាអ្នកឯងមិនធ្វើដូចគាត់ បែរជាយកជម្រើសរត់យករួចខ្លួនមកក្រៅប្រទេសទៅវិញ?» ។
ក្រៅពីនោះក៏មានសំណួរពាក់ព័ន្ធនឹងរបបខ្មែរក្រហមផងដែរ។ ដូចទម្លាប់ ទណ្ឌិត សម រង្ស៊ី តែងភ្ជាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅនឹងពួកខ្មែរក្រហម។ ប៉ុន្តែគាត់ត្រូវបានអ្នកកាសែតបារាំងសួរបកវិញថា ចុះក្រែងនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ភៀសខ្លួនទៅវៀតណាមដើម្បីរំដោះប្រទេសទេតើ?» នៅពេលដែលទណ្ឌិត សម រង្ស៊ី ខំនិយាយពង្វាងដោយគ្មានមូលដ្ឋាន គួរឲ្យជឿដោយខំទាញទម្លាក់កំហុសទៅលើអ្នកជួយរំដោះប្រទេសជាតិឲ្យរស់ពីរបបខ្មែរក្រហមថា ជាខ្មែរក្រហមទៅវិញនោះ សំណួរមួយទៀតក៏មកដល់ «អ្នកឯងនិយាយពីការកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យបានច្រើននាក់ តែវាប៉ះពាល់ដល់គោលការណ៍ផ្សះផ្សារជាតិ?» ទណ្ឌិត សម រង្ស៊ី កាន់តែកុនខ្លួនខ្លាំងឡើងចំពោះចម្លើយគ្មានមូលដ្ឋានរបស់គាត់។
សំណួរមុនមិនទាន់ឆ្លើយរួចពីមាត់ផង សំណួរមួយទៀតមកដល់ «ភាសារបស់អ្នកឯងស្តាប់ទៅដូចជាធ្វើឲ្យមានការរើសអើងរវាងប្រជាពលរដ្ឋ និងអតីតកម្មាភិបាលខ្មែរក្រហម។ តើអ្នកឯងមិនដឹងទេឬថា សព្វថ្ងៃ នៅតាមបណ្តាភូមិឃុំនានា ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅដោយស្ងប់សុខជាមួយអតីមេខ្មែរក្រហម?»
សូមកត់សម្គាល់ថា សំណួរ ដេញទាន់ជាន់កែងទាំងអស់នេះមានន័យថា ទូរទស្សន៍បារាំងបានបកស្បែកមុខទណ្ឌិត សម រង្ស៊ី ឲ្យមហាជនបារាំងបានឃើញច្បាស់ក្រឡែតពីធាតុពិតរបស់អ្នកនយោបាយ ត្រឡប់ត្រឡិនម្នាក់នេះពីព្រោះនៅស្រុកបារាំង ប្រជាជនគេមានការយល់ដឹងខ្ពស់ គេមិនមែនចេះតែជឿពាក្យប្រូរបស់ទណ្ឌិត សម រង្ស៊ី ឡើយ។ សរុបទៅចម្លើយស្ងួតជើងធ្មេញ ស្លេកមុខ ដោះសារ គ្មានមូលដ្ឋានរបស់ទណ្ឌិត សម រង្ស៊ី បានធ្វើឲ្យអតីតមេដឹកនាំបក្សប្រឆាំងរូបនេះបាក់មុខមាត់ខ្លាំងណាស់នៅចំពោះមុខសហគមន៍អន្តរជាតិ ជាពិសេសនៅចំពោះមុខប្រជាជនបារាំង និងខ្មែរនៅស្រុកបារាំង។ បើទោះជាគាត់ ព្យាយាមវាយប្រហារ ទម្លាក់កំហុស ចោទប្រកាន់ទៅលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងណាក៏ដោយ ក៏ចំពោះមុខមហាជនបារាំង ចម្លើយទាំងនេះសបញ្ជាក់ពីនយោបាយរាក់កំភែលរបស់ទណ្ឌិត សម រង្ស៊ី ដែលស័ក្តិសមណាស់ថា គណបក្សរបស់គាត់ត្រូវបានគេរំលាយចោល ហើយគ្មានអន្តរជាតិណាគេចាប់អារម្មណ៍ជួយគាត់ឡើយ។ អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត អ្នកកាសែតឯករាជ្យគេចោទសួរសំណួរបែបនេះ គឺមិនដូចជាអ្នកកាសែតត្បាញអាយរបស់អាស៊ីសេរី ឈ្មោះ ជុន ច័ន្ទបុត្រ ដែលខំតាំងខ្លួនថា អ្នកកាសែតឯករាជ្យ តែផ្កាប់មុខរឿងនយោបាយ ហើយចេះតែលើកសំណួរស្រប អែបអបបើកផ្លូវឲ្យសម រង្ស៊ី ឆ្លើយតាមតែចិត្តនឹកឃើញនោះឡើយ។ ទាំងនេះសបញ្ជាក់ថា វាពិតជាស័ក្តិសមណាស់ដែលគណបក្សប្រឆាំងមិនដឹងក្បាលកន្ទុយមួយនេះត្រូវបានរំលាយចោល ហើយក៏ស័ក្តិសមណាស់ដែរដែលវិទ្យុបម្រើនយោបាយបរទេសដូចអាស៊ីសេរីនេះត្រូវវេចបង្វេចទៅស្រុកវិញដោយសារតែប្រព័ន្ធនីតិរដ្ឋនៅកម្ពុជាកាន់តែរឹងមាំ។ តាមរយៈបទសម្ភាសន៍នេះ គេក៏អាចសន្និដ្ឋានបានដែរថា នយោបាយឱបជើងបរទេសរបស់ទណ្ឌិតសម រង្ស៊ី បរាជ័យទាំងស្រុងពីព្រោះសហគមន៍អន្តរជាតិមិនបានជឿលើអ្វីដែលទណ្ឌិត សម រង្ស៊ី និយាយបំផ្លើសនោះឡើយ។ នេះបើតាមអ្វីដែលអ្នកកាសែតបារាំងបានលើកជាសំណួរទៅកាន់ទណ្ឌិត សម រង្ស៊ី៕
ដោយ៖ កូនខ្មែរ