(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន នារសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអំពាវនាវ ឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង ដែលកំពុងវះកាត់ជំងឺមុខមាត់មិនពេញលក្ខណៈនាពេលនេះ សូមបន្តកម្មវិធីមនុស្សធម៌នេះបន្ថែមទៀត ដើម្បីឲ្យក្រុមគ្រូពេទ្យថ្នាក់ខេត្ត បានសិក្សា មានចំណេះ និងមានជំនាញ អាចពិនិត្យ និងវះកាត់ ដោយខ្លួនឯងជូនប្រជាពលរដ្ឋក្នុងខេត្តបាន។
ការអំពាវនាវរបស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យបច្ចេកទេសវះកាត់ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង នៃអង្កការកុមារ NOMA ដែលបានមកពិគ្រោះយោបល់ និងធ្វើការវះកាត់ ដោយឥតគិតថ្លៃ លើមុខជំងឺមុខមាត់មិនពេញលក្ខណៈ រួមមានមាត់ឆែប ផ្លែសាច់ សំឡាកធំ និងជើងខ្វេ...ជាដើម នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ជាលើកទី៤ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះ។
លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន អ្នកសម្របសម្រួលសមាគម បានថ្លែងប្រាប់ថា សមាគមមនុស្សធម៌បារាំង បានបង្កើតឡើងនៅឆ្នាំ២០០១មកម្ល៉េះ ដោយបានជួយព្យាបាល ផ្នែកវះកាត់កែមុខមាត់ ដល់កុមារនៅអាហ្វ្រិកនៅម៉ាលី និងនៅប៊ីគីណាហ្វាសសូពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៥ បានជាង៣ពាន់នាក់។ លោកវេជ្ជបណ្ឌិតបន្តថា ការសម្រេចចិត្តមកព្យាបាលនៅប្រទេស កម្ពុជានេះ គឺដោយសារនៅប្រទេសអាហ្វ្រិកអស្ថេរភាព ហើយក្នុងឆ្នាំ២០១៦ សមាគមបានសម្រេច ជ្រើសរើសខេត្តពោធិ៍សាត់ និងរាជធានីភ្នំពេញ ដើម្បីធ្វើការវះកាត់ព្រមទាំងបង្រៀនជំនាញវះកាត់មុខមាត់ ដល់គ្រូពេទ្យយើងផងដែរ។
លោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ បានគួសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីប្រទេសបារាំង របស់អង្គការកុមារ NOMA ដឹកនាំដោយលោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលលីធី (Dr. Philippe Bellety) និងសម្របសម្រួលដោយ លោកវេជ្ជបណ្ឌិត សំរិទ្ធ ឡាំវិន បានមកព្យាបាលវះកាត់ជំងឺមុខមាត់ ដូចជាមាត់ឆែប ផ្លែសាច់ សំឡាកធំ និងជើងខ្វេ...ជាដើម ដោយឥតគិតថ្លៃ ក្នុងទឹកដីខេត្តពោធិ៍សាត់។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការព្យាបាលវះកាត់ជាលើកទី៤នេះ បានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលសាលាខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដោយចាប់ផ្តើមពិគ្រោះយោបល់ និងធ្វើការវះកាត់ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ដោយគិតត្រឹមថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧នេះ មានអ្នកជំងឺបានមកពិនិត្យ និងធ្វើការវះកាត់ បានចំនួន៦៥នាក់ហើយ ក្នុងនោះវះកាត់ធំដាក់ថ្នាំសន្លប់ ចំនួន៤៥នាក់ និងវះកាត់តូចដាក់ថ្នាំស្ពឹក ចំនួន២០នាក់។
លោក ម៉ៅ ធនិន បានបង្ហាញទឹកចិត្តសប្បាយរីករាយ ក្នុងគោលបំណងដ៏ល្អរបស់អង្គការ កុមារNOMA ដែលបានយកចិត្តទុកដាក់ ដល់កុមារ និងមនុស្សចាស់ ដែលមានជំងឺដូចបានរៀបរាប់ខាងលើ ព្រមទាំងបានគាំទ្រទាំងស្រុង រាល់សកម្មភាពនានារបស់អង្គការ ដែលបានមកបំពេញការងារមនុស្សធម៌ ជាលើកទី៤ នៅក្នុងខេត្តរបស់លោក៕